ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសថៃ គេនិយមហៅថាថ្ងៃសង្ក្រាន្តឆ្នាំថ្មី ដែលដូចសព្វដងជារៀងរាល់ឆ្នាំ ប្រជាជនថៃតែងតែប្រារព្វការបន់ស្រន់នៅតាមវត្តអារាមក៏ដូចជាអ្នកមានគុណនៅផ្ទះ និងមានការលេងល្បែងកម្សាន្តផ្សេងៗផងដែរ។ ដោយសារតែក្នុងឆ្នាំនេះ ជំងឺផ្លូវដង្ហើមថ្មីដែលហៅថា Covid-19 កំពុងរាតត្បាតពាសពេញបណ្ដាប្រទេសតូចធំនៅលើពិភពលោក។
ប្រទេសថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបិទការចេញចូល១ខែពេញ ក្រោយពីមានករណីផ្ទុះមេរោគ Covid-19 ខ្លាំងពេក។ នៅប្រទេសថៃមានអ្នកឆ្លងជំងឺនេះកើនដល់ ២៥៧៩ ករណីនិងស្លាប់កើនឡើងដល់ ៤០ នាក់ហើយគិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ ប្រទេសថៃ បានប្រកាសលើកថ្ងៃសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួន ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសានេះ។ ការលើកថ្ងៃសង្ក្រាន្តនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការរីករាលដាល Covid-19 នៅក្នុងប្រទេស និងការឆ្លងជាសហគមន៍ តាមរយៈការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនទាំងនៅក្នុងស្រុក និងទៅក្រៅប្រទេស។
ដោយឡែកក្នុងឆ្នាំនេះវិញ មិនមានភាពអ៊ូអរកើតឡើងដូចរៀងរាល់ឆ្នាំនោះទេ ដែលកាលពីឆ្នាំមុនៗទៅប្រជាជនថៃនិយមលេងបាញ់និងបាចទឹកជាដើម ដោយក្នុងឆ្នាំនេះមានសភាពស្ងប់ស្ងាត់ដោយប្រជាជនថៃគ្រប់រូបបានប្រកាន់ពាក្យស្លោកមួយ នៅផ្ទះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់វីរុស Covid-19 ទាំងអស់គ្នា៕ អត្ថបទដោយ៖ ឧស្សាហ៍