ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មនៃការនាំចេញពីកម្ពុជា មានទឹកប្រាក់សរុបប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក ត្រូវប្រមាណ ៩ , ៦ % បើធៀបទៅនិង ផសស និងបានកើនឡើងប្រមាណជាង ២៤ %, ខ្ពស់ជាងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលដូចគ្នា ទៅនិងឆ្នាំមុន ក្នុងអត្រាជាង ១៣ % ផងដែរ ។
អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញសម្រាប់ការធ្វើពាណិជ្ជកម្ម នៃការនាំចេញ បានឲ្យដឹងថា ក្នុងនិន្នាការសេដ្ឋកិច្ចសង្គម , ពាក់ព័ន្ធនិងការធ្វើពាណិជ្ជកម្ម ក្នុងនោះ ទំហំនៃការនាំចេញទំនិញពីកម្ពុជា ទទួលផលវិជ្ជមានគួរជាទីកត់សម្គាល់ , ជាក់ស្តែងនៅរយៈពេល ២ខែ ដើម្បីឆ្នាំ ២០២០ នេះ ការធ្វើពាណិជ្ជកម្មនៃការនាំចេញ មានទំហំទឹកប្រាក់សរុបប្រមាណ ២ ៥៦៣ លានដុល្លារអាមេរិក ត្រូវប្រមាណ ៩ , ៦ % នៃ ផសស បានកើនឡើងជាង ២៤ %, ខ្ពស់ជាងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលដូចគ្នាទៅនិងឆ្នាំមុន ក្នុងអត្រាប្រមាណជាង ១៣ % ។
ជុំវិញអត្រាកំណើនដែលមានកើនឡើងនេះ គឺត្រូវបានឆ្លុះបញ្ចាំង ដោយសារសម្រេចបានកំណើនខ្ពស់ នៃមុខទំនិញនាំចេញចម្បងៗ ជាពិសេសផលិតផលកាត់ដេរសំលៀកបំពាក់ ស្បែកជើង ការនាំចេញកង់ និងអង្ករជាដើម។ ចំណែកពាក់ព័ន្ធទំហំនៃការនាំចូលវិញ មានទឹកប្រាក់សរុបប្រមាណ ៣ ៦២៣ លានដុល្លារអាមេរិក ត្រូវជាង ១៣ % បើធៀបទៅនិង ផសស និងបានកើនឡើងជាង ២២ % ខ្ពស់ជាងកំណើនក្នុងរយៈពេលដូចគ្នាទៅនិងឆ្នាំមុន ក្នុងអត្រា ១៧ % ផងដែរ ។
ពាក់ព័ន្ធនៃការនាំចេញនេះ អគ្គនាយកដ្ឋានគោលនយោបាយ បានបង្ហាញថា ទោះបីទឹកប្រាក់នាំចូលសរុបមានកំណើនខ្ពស់ យ៉ាងណាក៏ដោយ ប៉ុន្តែទឹកប្រាក់នាំចូលទំនិញជាចម្បងៗ ដែលធ្លាប់ទទួលបានកំណើនខ្ពស់ គឺកំពុងមានការថមថយកំណើន ដូចជាគ្រឿងយន្ត និងប្រេងឥន្ធនៈ និងមួយចំនួនទៀត មានកំណើនអវិជ្ជមាន ជាពិសេសវាយនភណ្ឌ និងសម្ភារៈសំណង់ជាដើម ៕