វាយកូនបាល់៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ដែលមានឈ្មោះថា Davis Cup ត្រូវបានពន្យារពេលប្រកួតដោយសារតែការរំខាន នៃមេរោគកូរ៉ូណាជាផ្លូវការ ព្រោះជារាល់រៀងឆ្នាំកីឡាករកម្ពុជា តែងចេញទៅចូលរួមព្រឹត្តិការណ៍មិនដែលខកខានឡើយ។
បើតាមលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡា វាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា ឆ្នាំនេះការប្រកួតគ្រោងធ្វើនៅប្រទេសទួមេនីស្ថាន ដោយសារតែពិភពលោកទាំងមូល ជួបប្រទះនូវវិបត្តិនៃការឆ្លងរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩ បានធ្វើឲ្យព្រឹត្តិការណ៍កីឡាមួយចំនួនត្រូវលើកពេល និងខ្លះត្រូវលុបចោលតែម្ដង។ លោកអគ្គលេខាធិការរងបានបញ្ជាក់ថា ពេលវេលាពិតប្រាកដនៃការប្រកួតនៅមិនទាន់កំណត់នៅឡើយ តែសហព័ន្ធអន្តរជាតិបានដាក់គោលដៅនៅខែកក្កដា ឬខែសីហា ក្នុងករណីដែលមេរោគនេះសាបរលាបទៅវិញ។ លោកបានឲ្យដឹងទៀតថា កីឡាវាយកូនបាល់កម្ពុជាបានបង្កើតនូវប្រវត្តិសាស្ត្ររបស់ខ្លួនមួយ តាមរយៈការប្រជែងបានកៅអីសម្រាប់ Davis Cup នៅក្នុងក្រុម ៣ម្តងដែរកាលពីឆ្នាំ២០១៨ បន្ទាប់មកក៏ធ្លាក់ទៅលេងនៅក្រុម ៤វិញ៕