សភារបស់តួកគីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យដោះលែងអ្នកទោសរាប់ពាន់នាក់ ជាវិធានការបង្ការកុំឲ្យឆ្លងរាលដាលវីរុស COVID-19 ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេស ។
បណ្តាញគណនី Twitter ផ្លូវការរបស់សភាតួកគីបានផ្សាយព័ត៌មានថា «សេចក្តីព្រាងច្បាប់នេះបានក្លាយទៅជាច្បាប់នៅពេលដែលមានការទទួលស្គាល់» ។
សូមបញ្ជាក់ថា តួកគីបានចាប់ផ្តើមបង្ក្រាប និងចាប់ខ្លួនមនុស្សរាប់ពាន់នាក់ដាក់ពន្ធនាគារ ក្រោយអំពើរដ្ឋប្រហារមិនបានសម្រេចមួយកាលពីឆ្នាំ២០១៦ ។
ច្បាប់ថ្មីនេះអនុញ្ញាតឲ្យដោះលែងអ្នកទោសជាច្រើនប្រភេទ ក្នុងនោះមានដូចជាស្ត្រីមានគភ៌, អ្នកទោសចាស់ជរា និងអ្នកទោសដែលធ្លាប់មានបញ្ហាសុខភាពជាដើម ។ ប៉ុន្តែអ្នកទោសដែលពាក់ព័ន្ធរដ្ឋប្រហារមិនបានសម្រេច ប្រហែលមិនស្ថិតនៅក្នុងបញ្ជីដែលត្រូវដោះលែងនោះឡើយ ។
គណបក្សកាន់អំណាចនៅតួកគី AKP បានបញ្ជាក់ថា ច្បាប់នេះ នឹងដោះលែងមនុស្សមុនពេលកំណត់ចំនួន៤៥ ០០០នាក់ ហើយជាបន្តបន្ទាប់នឹងដោះលែងកើនឡើងដល់៩០ ០០០ នាក់ បូករួមជាមួយអ្នកដែលស្ថិតក្រោមការឃុំឃាំងនៅក្នុងផ្ទះផងដែរ ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី Abdulhamit Gul កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា អ្នកទោស៣នាក់បានស្លាប់ដោយសារវីរុស COVID-19 ខណៈអ្នកទោសសរុប១៧នាក់ផ្ទុកវីរុសដ៏កាចសាហាវនេះ។
អ្នកទោស១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមានស្ថានភាពល្អផងដែរ ។ អ្នកទោសម្នាក់បញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។
តួលេខក្រសួងសុខាភិបាលតួកគីផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ថា តួកគីមានអ្នកផ្ទុកវីរុស COVID-19សរុប ៦១ ០០០ នាក់ ហើយក្នុងនោះ ជិត ១ ៣០០ នាក់បានបាត់បង់ជីវិត ។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) និង អង្គការលើកលែងទោសអន្តរជាតិ បានរិះគន់ច្បាប់នេះ ពីព្រោះអ្នកជាប់ឃុំដែលរងចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្មនោះ មិនត្រូវបានរាប់បញ្ចូល នៅក្នុងការដោះលែងនេះទេ ។
ក្រុមសិទិ្ធមនុស្សក៏បានថ្កោលទោសចំពោះការមិនរាប់បញ្ចូលអ្នកទោសផ្សេងទៀត ដូចជាអ្នកទោសដែលជាអ្នកកាសែត, អ្នកទោសនយោបាយ និងអ្នកទោសមេធាវី ដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ននោះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat