តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Eden Hazard បានសារភាពថា ខ្លួនពិតជាមានភាពពិបាកខ្លាំងក្នុងរបបអាហាររបស់ខ្លួន អំឡុងគ្មានការប្រកួតបាល់ទាត់ដោយសារ covid-19។
ដូចទៅនឹងកីឡាករដ៏ទៃទៀតផ្សេងដែរ Hazard បានធើ្វការហ្វឹកហាត់ខ្លួនឯងជាធម្មតានៅគេហដ្ឋានរបស់គេ អំឡុងវីរុស covid-19 កំពុងរាលត្បាត ខណ:ការប្រកួតបាល់ទាត់នៅតាមលីគនានាទូទាំងពិភពលោកកំពុងត្រូវបានផ្អាក។
យ៉ាងណាក្ដី អ្វីដែលពិបាកសម្រាប់ប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិកនេះ គឺការតមចំណីអំឡុងពេលនេះ។
«វាពិតជារញ៉េរញ៉ៃណាស់សម្រាប់ខ្ញុំពេលនេះ» Hazard និយាយប្រាប់កាសែត Marca របស់អេស្ប៉ាញ។
«ខ្ញុំព្យាយាមមិនញុំាច្រើន។ ខ្ញុំព្យាយាមមិនទៅកន្លែងញុំាដ៏ទៃទៀត។ ខ្ញុំកំពុងហ្វឹកហាត់តាមអនឡាញ ព្រោះអ្នកហ្វឹកហាត់គាត់មិនអាចមកបាន ដោយសារគាត់មិនសូវស្រួលខ្លួន។ គាត់បានផ្ញើវីដេអូឲ្យខ្ញុំហាត់ចំនួន១០ ហើយពេលនេះខ្ញុំកំពុងហាត់តាមគាត់នៅផ្ទះរបស់ខ្ញុំ» Hazard បន្ថែម៕
ប្រភព៖ Sportbibble