បាល់ទាត់៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លិបនគរបាលជាតិបានបញ្ជាក់ថា ក្លិបមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនោះទេ តែក្លិបមានគម្រោងនឹងពិចារណាកាត់ប្រាក់បៀវត្សកីឡាករ ដូចបណ្ដាក្លិបមួយចំនួនដែរ បើសិនជំងឺ Covid-19 នៅតែបន្ដរាតត្បាតយូរទៀត។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដដែលបន្ដថា វិបត្តិជំងឺ Covid-19 គឺបញ្ហាសកល ដែលបង្កផលប៉ះពាល់ដល់គ្រប់ក្លិបបាល់ទាត់លើពិភពលោក បន្ទាប់ពីការប្រកួតត្រូវពន្យាពេល។ ទន្ទឹមជាមួយការព្រួយបារម្ភលើបញ្ហាហិរញ្ញវត្ថុ លោកក៏ព្រួយបារម្ភលើទម្រង់លេងរបស់កូនក្រុម ដែលខកខានប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាផងដែរ។
គួរដឹងថា លីគកំពូលកម្ពុជាបានផ្អាកការប្រកួតជាង ១ខែមកហើយ រាប់បញ្ចូលទាំងការសម្រាក FIFA Day ក្រោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ប្រកាសពន្យាពេលបណ្ដោះអាសន្នដើម្បីចូលរួមប្រយុទ្ធនឹងជំងឺ Covid-19 ។ ការពន្យាពេលនេះបានធ្វើឲ្យក្លិបស្ទើរទាំងអស់ ត្រូវផ្អាកសកម្មភាពហ្វឹកហាត់ ហើយមានក្លិបខ្លះ ថែមទាំងជួបវិបត្តិហិរញ្ញវត្ថុ រហូតឈានដល់ការកាត់ប្រាក់បៀវត្សកីឡាករទៀតផង។ យ៉ាងណាមិញក្រឡេកមកមើលស្ថានភាពជំងឺ Covid-19 នៅកម្ពុជាវិញ គិតត្រឹមថ្ងៃទី១៤ ខែមេសានេះស្ថានភាពហាក់ស្រាកស្រាន្តបន្តិចហើយ បន្ទាប់ពីមានករណីជាសះស្បើយថ្មី ១៤ករណីដែលធ្វើឲ្យចំនួនអ្នកជាកើនដល់ ៩១ករណី ពោលគឺនៅសល់តែ ៣១ករណីទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល។ អ្វីដែលពិសេសថ្ងៃនេះពុំមានរកឃើញករណីឆ្លងថ្មីនោះទេ។ ដូច្នេះគេសង្ឃឹមថា ជំងឺនេះនឹងស្ងប់ស្ងាត់ទៅវិញក្នុងពេលឆាប់ៗ ដើម្បីលីគបានបន្ដការប្រកួតឡើងវិញ៕