ពិតជារឿងដែលមិននឹកស្មានដល់មែន ស្ត្រីម្នាក់គ្រាន់តែអួលបាយសោះ ក៏ត្រូវបាត់បង់ជីវិតនៅវេលាម៉ោង ១១និង០០នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្នុងរោងចក្រកាត់ដេរ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
យោងតាមប្រភពអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានពិសាបាយជាធម្មតា លុះមួយសន្ទុះក្រោយមកស្រាប់តែអួលបាយយ៉ាងចម្លែក ក៏ត្រូវបានអ្នកដែលកំពុងហូបបាយជាមួយនាំគ្នាដឹកយកមកពេទ្យដែលប្រចាំការនៅក្នុងរោងចក្រ រួចក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្តកំពង់ចាម តែជាអកុសលពេលមកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ជនរងគ្រោះខាងលើមានឈ្មោះ ណៃ រដ្ឋា ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ