យោងតាមរបាយការណ៍មួយនៅប្រទេសក្រិកបានឱ្យដឹងថាក្រុមហង្សក្រហម Liverpool បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែការពារស្លាបឆ្វេង Kostas Tsimikas របស់ក្លិប Olympiacos ដើម្បីជួយសម្រួលដល់តំបន់លេងរបស់ខ្សែការពារ Andy Robertson នៅរដូវក្តៅខាងមុខ។
ការចាកចេញរបស់ខ្សែការពារ Alberto Moreno កាលពីរដូវក្តៅមុនបានធ្វើឱ្យ Liverpool គ្មានខ្សែការពារស្លាបឆ្វេង សម្រាប់ជំនួសកន្លែងរបស់ Robertson នោះទេ ដោយពេលខ្លះតំបន់នេះត្រូវបានជំនួសដោយខ្សែបម្រើវ័យ ៣៤ឆ្នាំ James Milner ទៅវិញ។
តែទោះជាយ៉ាងណាក៏ដោយ លោក Jürgen Klopp ដែលជាអ្នកចាត់ការទូទៅក្លិប Liverpool ក៏បានសម្លឹងឃើញពីសមត្ថភាពរបស់ខ្សែការពារស្លាបឆ្វេង Tsimikas រួចហើយដែរ ដោយលោកគិតថាខ្សែការពារម្នាក់នេះ នឹងអាចមកជួយសម្រួលដល់តំបន់លេងរបស់ខ្សែការពារក្នុងក្រុមរបស់ខ្លួនបាននៅពេលខាងមុខ។
យ៉ាងណាមិញ Liverpool ក៏ត្រូវធ្វើការប្រជែងជាមួយក្លិបរួមលីគ Leicester City ផងដែរ ក្នុងការចុះហត្ថលេខាយក Tsimikas មកចូលរួមក្រុមនារដូវក្តៅនេះ។
គួរឱ្យដឹងដែរថា បច្ចុប្បន្ន ខ្សែការពារ Tsimikas នៅសល់កុងត្រាជាមួយ Olympiacos រហូតដល់ឆ្នាំ២០២២ ឯណោះ ខណៈដែលក្លិបមួយនេះហាក់គ្មានបំណងលក់ខ្សែការពាររបស់ខ្លួននៅរដូវក្តៅនេះទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ fotmob