Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកវេង សាខុន ជំរុញរោង​ម៉ាស៊ីនកិនស្រូវទាំងអស់ជួយទិញស្រូវពីកសិករ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់រោង​ម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវ ត្រូវជួយ​ប្រមូលទិញស្រូវពី​ប្រជា​កសិករយកមកស្តុកទុក​ឱ្យ​អស់លទ្ធភាព ដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និង​ជួយធានានូវបរិមាណស្តុក​ស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។  

លោករដ្ឋ​មន្រ្ដីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញមកពិនិត្យខ្សែផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុង​ដូនកែវ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។

លោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីនកិនស្រូវនៅខេត្ដតាកែវបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦, ៣៨៦តោន និងឆ្នាំ២០២០ នេះបាន ៦៥, ៣៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន ៤០,១៧៥តោន និង ៣ខែដើមឆ្នាំ២០២០ នាំចេញបាន ២៤, ៤២៨តោន ភាគច្រើនទៅកាន់ប្រទេសចិន។

លោក បាន​បន្ដថា បច្ចុប្បន្ន មានឡសម្ងួតចំនួន ៣ អាចសម្ងួតស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមាន​ស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ។ ទន្ទឹម​នេះ ក្រុមហ៊ុនក៏នៅមានជួបបញ្ហាប្រឈមនឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ទាក់​ទង​ទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមក មានស្រូវចំនួនជាង ១០,៨៨ លានតោន ក្នុងនេះសម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨, ២៦៩, ៣៣៣តោន និងស្រូវ ប្រាំង ២, ៦១៦, ២៤១តោន។ ដោយឡែក ខេត្តតាកែវ បរិមាណស្រូវសរុបទាំងវស្សា និងប្រាំង​ចំនួន ១, ២០៨, ៦៤០តោន ហើយមកទល់ពេលនេះគឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់​ហិកតា​ទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់​តោន​ទៀត៕​ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9130988