ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅលើពិភពលោកទាំងមូល មានករណីឆ្លងកូវីដ-១៩ កើនឡើងបន្ថែមដល់ទៅជាង ៦៩ ៨០០នាក់ និងស្លាប់ជាង៥២០០នាក់ ក្នុងនោះអាមេរិក ស្លាប់ច្រើនជាងគេ មានជិត១៥០០នាក់ ។ បើសរុបអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងជិត ១,៩ និងស្លាប់កើនឡើងជាង១១៥ពាន់នាក់។
អាមេរិកនៅតែជាសម្បុកកូវីដ-១៩ ដ៏ធំ នៅលើពិភពលោកដដែល ដោយក្នុងរយៈពេល២៤ម៉ោង អាមេរិកមានអ្នកឆ្លងដល់ទៅ ២៥ ៧៧២នាក់ ធ្វើឲ្យអ្នកឆ្លងកើនឡើងដល់ទៅជាង៥៥៨ពាន់នាក់ ស្លាប់ ១ ៤២៥ នាក់ថ្មី ធ្វើឲ្យអ្នកស្លាប់កើនឡើងជាង២២ពាន់នាក់។
ក្រោយពេលមានអ្នកឆ្លង និងស្លាប់ច្រើន ជារៀងរាល់ថ្ងៃ រដ្ឋាភិបាលអាមេរិកបានអំពាវនាវដល់ពលរដ្ឋពាក់ម៉ាស់គ្រប់ៗគ្នា ដើម្បីការពារខ្លួនឯង និងទប់ស្កាត់ការចម្លងដល់អ្នកដទៃទៀត ។
បើទោះបីមានអ្នកឆ្លង និងស្លាប់កើនឡើងខ្ពស់ ប៉ុន្តែរដ្ឋាភិបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកំណត់គោលដៅ នៅថ្ងៃទី១ ខែឧសភា គឺជាពេលវេលាអាចបន្ធូរបន្ថយ ច្បាប់បម្រាមគោចរ ។
សារព័ត៌មាន ABC បានដកស្រង់ការប្រកាសរបស់លោក Stephen Hahn ប្រធានគណៈកម្មការ ស្បៀងអាហារនិងឱសថអាមេរិក បានបញ្ជាក់ថា អាមេរិក បានមើលឃើញពន្លឺ នៃចុងបញ្ចប់ផ្លូវក្រោមដីដ៏ងងិត។ ពលរដ្ឋនឹងបានវិលត្រឡប់ទៅធ្វើការវិញ ក្នុងពេលឆាប់ៗនេះ៕ប្រែសម្រួលដោយ៖ MEO