Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភាពតានតឹងផ្ទុះឡើងជាថ្មី រវាង​ឥណ្ឌា និងប៉ាគីស្ថាន ជនស៊ីវិលបន្តបាត់បង់ជីវិត

ភាពតានតឹង ​រវាង​ឥណ្ឌា និងប៉ាគីស្ថាន​​បានផ្ទុះឡើងសាជាថ្មី​ទៀត​ នៅតំបន់​កាស្មៀរ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២០។ គូជម្លោះ​បានវាយប្រហារគ្នា​​ ដោយប្រើប្រាស់កាំភ្លើងធុនធ្ងន់ រហូតធ្វើឲ្យជនស៊ីវិលយ៉ាងតិច​៣នាក់​បានស្លាប់។ 

ជម្លោះដែនដី​ នៅតំបន់កាស្មៀរ ដែលខណ្ឌចែក​ព្រំដែនសីមា រវាង​ឥណ្ឌា និងប៉ាគីស្ថាននោះ​បានកើតឡើង អូសបន្លាយអស់រយៈពេលជាយូរមកហើយ។ កិច្ចព្រមព្រៀងឈប់បាញ់​មួយ​ត្រូវបានធ្វើឡើង​ កាលពីឆ្នាំ២០០៣ ប៉ុន្តែជាបន្តបន្ទាប់​ ការចោទប្រកាន់ពីការ​រំលោភកិច្ចព្រម​ព្រៀងនោះ​តែងតែកើតមានជាហូរហែ។ ភាគី​នីមួយៗ​បានតម្រង់​កាណុងកាំភ្លើងដាក់គ្នាទៅវិញ​ទៅមក។ សង្គ្រាម​នៅទីនោះធ្លាប់​បានកើតឡើង​ ចំនួន៣លើក​រួចមកហើយ ចាប់តាំងពីឆ្នាំ១៩៤៧រហូតមក​ ។ 

មន្ត្រីប៉ូលិស​ឥណ្ឌាមួយរូបឈ្មោះ Shri Ram Ambarkar បានថ្លែងថា ជនស៊ីវិល​ឥណ្ឌា​ ចំនួន​៣នាក់ ក្នុងនោះស្ត្រី​ម្នាក់ និងកុមារ​ផងដែរ បានស្លាប់​ ដោយសារតែរងនូវគ្រាប់កាំភ្លើង​​ដែលបាញ់ប្រហារទៅលើលំនៅឋាន​របស់ពួកគេ ស្ថិតនៅតាមបន្ទាត់ព្រំដែន តំបន់ Kupwara តាម​ជ្រលងដែនដីកាស្មៀរ កាលពីល្ងាចថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២០ ។ 

មន្ត្រីដដែលបញ្ជាក់ថា អ្នកខ្លះទៀត​រងរបួស ហើយត្រូវបានអាជ្ញាធរ​ឥណ្ឌា​បើកប្រតិបត្តិការ​ជួយសង្គ្រោះ នៅក្នុងអំឡុងពេល​មានការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ​ឆ្លងកាត់ព្រំដែននៅក្នុងតំបន់។

កាលពីថ្ងៃសុក្រ សប្តាហ៍​មុន ប៉ាគីស្ថាន​បាន​អះអាងថា កងកម្លាំង​ឥណ្ឌា​បានបាញ់​កាំភ្លើងធុនធ្ងន់​ ដោយមានគោលដៅ​មកលើទីតាំង​រស់នៅរបស់ជនស៊ីវិល ក្នុងទឹកដីគ្រប់គ្រង​ដោយប៉ាគីស្ថាន ។ មនុស្សសរុប​៨នាក់ ក្នុងនោះ​មានកុមារផងដែរ​បានរងរបួស​​​ដោយការបាញ់រ៉ុក្កែត និងកាំភ្លើងត្បាល​ពីសំណាក់ឥណ្ឌា កាលពីថ្ងៃទី១១ និង១២​ ខែមេសា ។ 

មន្ត្រីឥណ្ឌា​ បានបញ្ជាក់ថា នេះគឺជាលទ្ធផល​ នៃការយល់ច្រឡំ​មួយ ហើយថា បញ្ហា​ត្រូវបានដោះស្រាយបញ្ចប់​ហើយ ។ 

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កងកម្លាំងពិសេស​ឥណ្ឌា៥នាក់ និងក្រុមឧទ្ទាម​៥នាក់​បានស្លាប់ នៅ​ក្នុងការវាយប្រហារគ្នាដ៏សាហាវ​មួយ​ នៅតាមបន្ទាត់ព្រំដែន ។ 

ការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់​សម្តៅ​ទៅលើទីតាំង​តំបន់ជនស៊ីវិល​ ត្រូវបាន​កត់ត្រា នៅក្នុងការប្រយុទ្ធ​គ្នាថ្មីៗចុងក្រោយគេបង្អស់ នាឆ្នាំ២០២០នេះ ។ 

គួរបញ្ជាក់ថា ក្រុមឧទ្ទាមនៅកាស្មៀរកាន់កាប់ ដោយឥណ្ឌា បានទាមទារឱ្យទឹកដីនេះ រួបរួម​បញ្ចូលគ្នា ទាំងនៅក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថានផងដែរ ឬឲ្យទៅជាដែនដីឯករាជ្យ ។ ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថាន ពីបទបំពាក់អាវុធ និងបណ្តុះបណ្តាលក្រុមឧទ្ទាមប្រឆាំងឥណ្ឌា និងជួយពួកគេផងដែរ ដោយផ្តល់កាំភ្លើងសម្រាប់ការលុកលុយ ចូលមកដែនដីខាងឥណ្ឌា ។ ប៉ាគីស្ថានបដិសេធការលើកឡើងនេះ ដោយនិយាយថា ខ្លួនផ្តល់តែការគាំទ្រខាងសីលធម៌ និងការទូតដល់ពួកសកម្មប្រយុទ្ធ និងក្រុមជនជាតិភាគតិច ដែលប្រឆាំងនឹងការគ្រប់គ្រង​របស់ឥណ្ឌា​ប៉ុណ្ណោះ ។

ក្រុមឧទ្ទាមបានចាប់ផ្តើមប្រយុទ្ធប្រឆាំងលើការគ្រប់គ្រងរបស់ប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ ១៩៨៩ ។ ​​មនុស្សជិត ៧ ម៉ឺននាក់ បានស្លាប់នៅក្នុងការបះបោរ និងការបង្ក្រាបរបស់យោធា​ឥណ្ឌាជាបន្តបន្ទាប់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9129393