មេដឹកនាំរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងស្តេចអារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz Al Saud បានពិភាក្សាវិសាសាមញ្ញ ហើយផ្លាស់ប្តូរយោបល់គ្នាទាក់ទងនឹងស្ថានភាពទីផ្សារប្រេង នាពេលបច្ចុប្បន្ន ។
បន្ទាប់ពីកិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់គ្នារួចមក មេដឹកនាំសំខាន់ៗទាំងបីបានអបអរសាទរ ចំពោះកិច្ចព្រមព្រៀងថ្មី ដែលអង្គការ OPEC+ ទើបតែសម្រេចបានចុងក្រោយ ហើយហៅថា នេះគឺជាកិច្ចព្រមព្រៀង សម្រាប់យើងទាំងអស់គ្នា។
បើតាមការចេញផ្សាយរបស់ប្រភព Sputnik នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ក្រុមប្រទេសផលិតប្រេងរបស់អង្គការ OPEC+ បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយ ដែលបញ្ជាក់ពីការកាត់បន្ថយ ទិន្នផលរួម ក្នុងគោលបំណង ដើម្បីធ្វើឱ្យទីផ្សារប្រេងមានស្ថិរភាព ។
កិច្ចព្រមព្រៀងចុងក្រោយរបស់អង្គការ OPEC+ដែលទទួលយកនៅក្នុងកិច្ចប្រជុំក្រុមតាមអ៊ិនធើរណេត កាលពីព្រឹកព្រលឹម ថ្ងៃទី១៣ ខែមេសា បានសម្រេចថា នឹងកាត់បន្ថយទិន្នផលប្រេងចំនួន១០លានធុងក្នុងមួយថ្ងៃ នឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ ។ កិច្ចព្រមព្រៀងកាត់បន្ថយនេះ មានរយៈពេលវែងបំផុត ក្នុងប្រវត្តិសាស្ត្រ គឺមានរយៈពេលប្រហែល២ឆ្នាំឯណោះ។ នេះបើតាមលោកអគ្គលេខាធិការអង្គការ OPEC។
លោក Mohammed Barkindo អគ្គលេខាធិការអង្គការ OPEC បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងថ្មីនេះ ដោយលោកបញ្ជាក់ នៅលើបណ្តាញ Twitterថា វាមានសារសំខាន់ និងជាប្រវត្តិសាស្ត្រ។ កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ដល់អ្នកផលិតប្រេង, អ្នកប្រើប្រាស់ ក៏ដូចជា សេដ្ឋកិច្ចសកលផងដែរ។
គួរបញ្ជាក់ថា វីរុស COVID-19 បានរាតត្បាតពាសពេញសកលលោក ធ្វើឲ្យរដ្ឋាភិបាលប្រទេសជាច្រើនមានវិធានការរឹតបន្តឹងលើការធ្វើដំណើរ ក៏ដូចជា ការបិទប្រទេស ធ្វើឲ្យគាំងប្រព័ន្ធដឹកជញ្ជូន តាមជើងហោះហើរ និងប្រព័ន្ធដឹកជញ្ជូនចម្រុះដទៃផ្សេងទៀត។ វិធានការទាំងនេះ គឺក្នុងគោលបំណងទប់ស្កាត់វីរុសឆ្លងរាតត្បាត។ វិស័យប្រេងបានធ្លាក់ថ្លៃខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈមុននេះ ប្រទេសផលិតប្រេងបាននាំគ្នា បង្កើនការផលិតរៀងៗខ្លួន ។
ប៉ុន្តែនៅទីបំផុតប្រទេសផលិតប្រេង នៃសមាជិកអង្គការ OPEC និងប្រទេសផលិតប្រេងមិនមែនជាសមាជិក(OPEC+) បានសម្រេចយល់ព្រមលើកិច្ចព្រមព្រៀងថ្មីចុងក្រោយ ដោយយល់ព្រមអំពីការកាត់បន្ថយ ទិន្នផលប្រេងរួម ក្នុងគោលបំណងធ្វើឱ្យទីផ្សារប្រេងមានស្ថិរភាពជាប្រវត្តិសាស្ត្រឡើងវិញ ៕ ប្រែសម្រួលដោយ៖ thach yat