ផ្អែកតាមមន្ត្រីសុខាភិបាលប្រេស៊ីល បានឱ្យដឹងថាមានក្មេងប្រុសវ័យជំទង់ម្នាក់រស់នៅកុលសម្ព័ន្ធមួយក្នុងព្រៃAmazon បានស្លាប់ដោយសារតែជំងឺផ្លូវដង្ហើមកូវីដ ១៩ ដែលនេះបង្កើតជាការព្រួយបារម្ភមួយថាឥទ្ធិពលនៃការរាលត្បាតរបស់វីរុសកូរ៉ូណាដែលធ្វើឱ្យពិភពលោកទាំងមូលកំពុងតែចលាចលយ៉ាងខ្លាំងនោះ នឹងអាចបង្កការវិនាសទៅដល់បណ្តាកុលសម្ព័ន្ធផ្សេងទៀតក្នុងតំបន់អាមេរិកខាងត្បូង។
ក្មេងប្រុស Alvanei Xirizana អាយុ ១៥ឆ្នាំ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅមន្ទីរពេទ្យមួយក្នុងរដ្ឋ Roraima នេះបើសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីរបស់អាជ្ញាធរសុខាភិបាលប្រចាំរដ្ឋនេះ។ បើយោងតាមការបញ្ជាក់របស់ក្រុមអ្នកការពារសិទ្ធិមនុស្ស Survival International បានឱ្យដឹងថា ក្មេងប្រុសនោះ រស់នៅជាមួយសាច់ញាតិរបស់ខ្លួននៅក្នុងកុលសម្ព័ន្ធដាច់ស្រយាលមួយឈ្មោះ Yanomami ដែលមានសមាជិកច្រើនជាង ៣៨ ០០០នាក់ ហើយបច្ចុប្បន្ន កុលសម្ព័ន្ធនេះ បាននិងកំពុងកាន់កាប់ព្រៃ និងភ្នំ នៅភាគខាងជើងប្រទេសប្រេស៊ីល និងភាគខាងត្បូងប្រទេសវេណេស៊ុយឡា។
រូបតំណាង
បន្ថែមពីនេះ អ្នកជំនាញផ្នែកច្បាប់មួយចំនួន បានលើកឡើងថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍ ពីសំណាក់ក្រុមអ្នកជីករុករករ៉ែ និងឈ្មួញរកស៊ីឈើ ដែលត្រូវបានលើកចិត្តតាមរយៈគោលនយោបាយ Brazilian President Jair Bolsonaro ទាំងនោះ គឺបាននិងកំពុងតែគំរាមកំហែងដល់ដែនដីជនជាតិដើមភាគតិចដែលរស់នៅក្នុងព្រៃ Amazon ផងដែរ។
រូបតំណាង
កាលពីពេលកន្លងមក មានជនជាតិដើមភាគតិចដែលមកពីកុលសម្ព័ន្ធផ្សេងចំនួន ០២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩ ដែលក្នុងនោះ មានម្នាក់ជាស្រ្តី អាយុ ៨៧ឆ្នាំមកពីកុលសម្ព័ន្ធ Para និងម្នាក់ទៀតជាបុរសដែលមកពីកុលសម្ព័ន្ធ Manaus។ គិតមកដល់ពេលនេះ ប្រទេសប្រេស៊ីលមានមនុស្សជាង ១៩,៦០០នាក់បានឆ្លងជំងឺកូវីដ១៩ និងមានមនុស្សច្រើនជាង ១,០០០នាក់បានស្លាប់។
រូបតំណាង
លោកស្រី Paula Vagas ជាប្រធានគម្រោងប្រចាំប្រទេសប្រេស៊ីលនៃអង្គការ Amazon Watch ដែលជាអង្គការមួយផ្តោតលើការការពារព្រៃ Amazon និងផ្តល់ការគាំពារសិទ្ធិរបស់ជនជាតិដើមភាគតិច បានប្រាប់សារព័ត៌មាន CBC ឱ្យដឹងថា ជំងឺកូវី១៩ គឺជាការគំរាមកំហែងយ៉ាងខ្លាំងទៅលើជនជាតិដើមភាគតិចប្រមាណជាង ៨៥០០០០នាក់ នៅក្នុងប្រទេសប្រេស៊ីល៕
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ CBS