មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមប្រជុំការិយាល័យនយោបាយគណបក្សពលករ ដើម្បីពិភាក្សាស្ថានភាពប្រឆាំងវីរុស COVID-19 កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ។
ប្រភព KCNA កាលពីថ្ងៃទី១២ ខែមេសា បានផ្សាយថា នៅក្នុងកិច្ចប្រជុំនោះ ដំណោះស្រាយមួយត្រូវបានព្រាងឡើងស្តីអំពី «វិធានការជាតិហ្មត់ចត់បន្ថែមទៀតការពារអាយុជីវិត សុវត្ថិភាពប្រជាជនរបស់យើងទប់ទល់ជំងឺរាតត្បាតទូទាំងពិភពលោក(COVID-19)» ។
រដ្ឋាភិបាលកូរ៉េខាងជើងបានចាត់វិធានការការពារភ្លាមៗ និងបន្ទាន់សំខាន់ៗប្រឆាំងការឆ្លងរាតត្បាតវីរុស COVID-19 នៅក្នុងប្រទេស ។ ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា កូរ៉េខាងជើងកំពុងរក្សាបាននូវស្ថានភាពស្ថិរភាពប្រឆាំងនឹងវីរុស COVID-19 ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិនកាលពីចុងខែមករា ឆ្នាំ២០២០ ។ កូរ៉េខាងជើងជាប្រទេសមួយក្នុងចំណោមប្រទេសពីរបីទៀតនៅលើពិភពលោក ដែលថា មិនមានជំងឺ COVID-19 ឆ្លងរាតត្បាតក្នុងប្រទេសរបស់ខ្លួននោះឡើយ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
តាមប្រភពបានបញ្ជាក់ថា កិច្ចប្រជុំនោះបានអំពាវនាវឲ្យមានវិធានការតឹងរឹងជាប់ជានិច្ច ដើម្បីពិនិត្យឲ្យបានម៉ត់ចត់ការឆ្លងរាតត្បាតវីរុស ។ វីរុសនេះ កំពុងឆ្លងយ៉ាងឆាប់រហ័សនៅពាសពេញពិភពលោក ។
អង្គប្រជុំបានសិក្សា និងអនុម័តស្តីអំពី «ប្រតិបត្តិថវិកាជាតិសម្រាប់ឆ្នាំ ២០១៩ និងថវិកាជាតិសម្រាប់ឆ្នាំ ២០២០» ។ ក្នុងនោះផងដែរ មានការពិភាក្សាការតែងតាំងប្អូនស្ត្រីរបស់លោកគីម ជុងអ៊ុន លោកស្រី Kim Yo Jong ជាសមាជិកគណៈកម្មការមជ្ឈិមគណបក្សកាន់អំណាចកូរ៉េខាងជើង ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat