Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Covid-19: សុបិន្តអាក្រក់បានបញ្ចប់សម្រាប់អ្នកដំណើរលើនាវា Greg Mortimer

បើតាមការបញ្ជាក់របស់អាជ្ញាធរប្រចាំព្រលានយន្តហោះអន្តរជាតិ Carrasco ទីក្រុង Montevideo​ ប្រទេសអ៊ុយរ៉ាកាយ កាលពីថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ជនជាតិអូស្រ្តាលី និងណូវែលសេឡង់ច្រើនជាង ១០០នាក់ បានចាកចេញពីប្រទេសអ៊ុយរ៉ាកាយ តាមជើងហោះហើរពិសេស ទៅកាន់ប្រទេសកំណើតរបស់ខ្លួន ក្រោយពីបានជាប់គាំងនៅលើនាវាទេសចរណ៍ Greg Mortimer ដែលមានមនុស្សនៅលើនាវាជិតពាក់កណ្តាលកំពុងឆ្លងនូវជំងឺកូវីដ១៩។ នាវាទេសចរណ៍ Greg Mortimer​ មានផ្ទុកមនុស្សចំនួន ២១៧នាក់ ដែលនៅក្នុងនោះមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១២៨នាក់ ហើយជាមួយគ្នា នាវានោះ ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ Montevideo ផងដែរ។ 

រូបតំណាង

ដោយមូលហេតុនេះ កិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលប្រទេសអ៊ុយរ៉ាកាយ និងប្រទេសអូស្ត្រាលី ត្រូវបានធ្វើឡើងក្នុងគោលបំណងយកអ្នកដំណើរដែលមានវ័យចំណាស់ ចេញពីកំពង់ផែ ទៅកាន់ព្រលានយន្តហោះអន្តរជាតិក្នុងក្រុង Montevideo ដើម្បីឱ្យពួកគេអាចបន្តដំណើរទៅទីក្រុង Melbourne ប្រទេសអូស្រ្តាលីវិញ។ នេះគឺជាការបញ្ចប់នូវសុបិន្តដ៏អាក្រក់សម្រាប់ពួកគេក្នុងការស្នាក់នៅលើនាវាដែលប្រឈមមុខនឹងជំងឺកូវីដ១៩ អស់រយៈពេលច្រើនសប្តាហ៍។

រូបតំណាង

បើតាមរយៈរូបភាពលើកញ្ចក់ទូរទស្សន៍ បានបង្ហាញឱ្យឃើញថា អ្នកដំណើរទាំងអស់ ពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅពេលឡើងជិះយន្តហោះ Airbus A350 ដែលបំពាក់ទៅដោយបរិក្ខារពេទ្យ ហើយមានអ្នកដំណើរខ្លះទៀត ក៏បានថើបកម្រាលផ្លូវឡើងរបស់យន្តហោះផងដែរ។ បើតាមរដ្ឋមន្ត្រីការបរទេសអ៊ុយរ៉ាកាយ លោក Ernesto Talvi បានបញ្ចេញនូវអារម្មណ៍ក្តុកក្តួលពេលឃើញរូបភាពទាំងនោះដោយនិយាយថា “វាគឺដូចជាការឈ្នះពានរង្វាន់ World Cup ចឹង”។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានសម្តែងនូវការអរគុណចំពោះក្រុមការងារអ៊ុយរ៉ាកាយ ដោយមានប្រសាសន៍ថា “សូមអរគុណដ៏អស់ពីចិត្តសម្រាប់ជំនួយកន្លងមកនេះ ក្នុងការធានាដល់អ្នកដំណើរអូស្រ្តាលី អាចត្រឡប់ទៅផ្ទះវិញបាន”។ 

នាវាទេសចរណ៍នេះ មានផែនការធ្វើដំណើរទៅ Antarctica, Georgia ខាងត្បូង និងកោះដំរី ប៉ុន្តែនៅពេលទៅដល់ក្បែរប្រទេសអាមេរិកភាគខាងត្បូង (អាហ្សង់ទីន និងឈីលី) នាវាត្រូវបានប្រទេសទាំងនោះបដិសេធមិនឱ្យចូល ព្រោះតែពួកគេបានបិទព្រំដែន។ បន្ទាប់មកនាវានេះ បានធ្វើដំណើរមកក្បែរកំពង់ផែ Montevideo ដើម្បីចូលចត តែត្រូវបានគេឱ្យឈប់ចតនៅចម្ងាយ ២០គីឡូម៉ែត្រពីកំពង់ផែ កាលពីថ្ងៃ២៧ ខែមីនា កន្លងទៅ ដើម្បីតេស្តរកជំងឺកូវីដ១​៩ សិន មុននឹងអនុញ្ញាតឱ្យមនុស្សចុះពីនាវាបាន។ ក្នុងករណីតេស្តរកឃើញថាវិជ្ជមាននូវកូវីដ១៩លើនរណាម្នាក់ អ្នកឆ្លងជំងឺកូវីដនោះ ត្រូវបានគេឱ្យស្នាក់នៅលើនាវាបន្តទៀត រហូតដល់តេស្តអវិជ្ជមាន ទើបអាចឱ្យត្រឡប់ទៅផ្ទះបាន។ ចំណែកឯ អ្នកដែលតេស្តឃើញថាអវិជ្ជមាន គឺត្រូវបានគេអនុញ្ញាតឱ្យចាកចេញពីនាវានៅថ្ងៃបន្ទាប់៕

ប្រែសម្រួលដោយ៖ កញ្ញា​ ស៊ីរ័ត្ន

ប្រភព៖ Bangkokpost

from: https://tnaot.com/km/m/detail/article/9126633