ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលគ្រោះមហន្តរាយធំមួយ ត្រូវបានប្រកាសព្រមគ្នានៅរដ្ឋចំនួន៥០ ទូទាំងប្រទេសអាមេរិក ។ វីរុស COVID-19 ចេះតែបន្តឆក់យកជីវិត និងឆ្លងរាតត្បាតលើពលរដ្ឋអាមេរិក ។
វីរុស COVID-19 នៅក្នុងទឹកដីអាមេរិក ឆ្លងលើមនុស្សសរុប ៥៣៣ ២៥៩ នាក់ ក្នុងនោះ បាត់បង់ជីវិត ២០ ៥៩៧នាក់ និង ៣១ ៩១៧នាក់ជាសះស្បើយ ។
តាមការចេញផ្សាយរបស់ប្រភព sputnik នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអំពីគ្រោះមហន្តរាយដ៏ធំមួយ នៅក្នុងរដ្ឋ Wyoming កាលពីថ្ងៃសៅរ៍ ។ មានន័យថា នៅពេលនេះ ការប្រកាសនៅរដ្ឋទាំងឡាយទូទាំងប្រទេស គឺប្រកាសអំពីគ្រោះមហន្តរាយដ៏ធំនេះដូចគ្នា ដោយសារតែវីរុសរាតត្បាត COVID-19។ លេខាធិការរងផ្នែកសារព័ត៌មានសេតវិមាន លោក Judd Deere បានថ្លែងថា នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ ។
បើតាមសេតវិមានបញ្ជាក់ថា ការប្រកាសរបស់រដ្ឋ Wyoming គឺស្រដៀងគ្នានឹងការប្រកាសនៅរដ្ឋអាមេរិកដទៃផ្សេងទៀតដែរ រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់ថវិកា និងសេវាកម្ម ជំនួយសំខាន់ៗដល់រដ្ឋាភិបាលក្នុងតំបន់ និងអង្គការមិនប្រាថ្នាស្វែងរកប្រយោជន៍។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអភិបាលរដ្ឋ Wyoming បានស្នើជាផ្លូវការ ការប្រកាសអំពីគ្រោះមហន្តរាយនេះនៅរដ្ឋ Wyoming តាមលិខិតផ្លូវការផ្ញើជូនទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១០ ខែមេសា ។
លិខិតរបស់អភិបាលរដ្ឋ Wyoming បានសរសេរថា បើទោះបីនៅរដ្ឋមួយនេះ ស្ថានការមិនទាន់ធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែការប្រកាសនេះនឹងជួយយើងត្រៀមចល័តធនធានទាំងអស់ ពេលដែលមានតម្រូវការ ។ ខ្ញុំកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលសហព័ន្ធ ៕ ប្រែសម្រួលដោយ៖ thach yat