តុលាការរបស់ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេមែន បានកាត់ទោសប្រហារជីវិតដល់អ្នកកាសែត៤រូប ដោយចោទពីបទក្បត់ជាតិ និងធ្វើចារកម្មឲ្យរដ្ឋបរទេស ។
យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន DAWN កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០, មន្ត្រីយុត្តិធម៌មួយរូបបានអះអាងថា តុលាការមួយរបស់ក្រុមឧទ្ទាមហ៊ូធី នៅយេមែនបានផ្តន្ទាទោសប្រហារជីវិតអ្នកកាសែត៤នាក់ ។
ប្រភពបន្តថា តុលាការរបស់ក្រុមឧទ្ទាមហ៊ូធី មូលដ្ឋាននៅទីក្រុង សាណា បានកាត់ទោសអ្នកកាសែតដោយចោទប្រកាន់ពីបទក្បត់ជាតិ និងធ្វើចារកម្មឲ្យរដ្ឋបរទេស ។
រដ្ឋាភិបាលយេមែនដែលទទួលស្គាល់ជាអន្តរជាតិបានថ្កោលទោសចំពោះកាត់កាត់ក្តីរបស់តុលាការក្រុមឧទ្ទាមហ៊ូធីនេះ ។
លោក Moammar Al-Eryani រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនៅលើបណ្តាញ Twitter ថា យើងថ្កោលទោសជាខ្លាំងការជំនុំជម្រះក្តីដែលមិនមានស្តង់ដារសុចរិតភាព និងយុត្តិធម៌បែបនេះ ។
អ្នកកាសែតទាំង៤នាក់ ត្រូវបានស្គាល់ឈ្មោះ Abdelkhaleq Omran, ឈ្មោះ Akram Al Walidi, ឈ្មោះ Harith Hamid និងឈ្មោះ Tawfiq Al Mansouri ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ទីក្រុងសាណា ពីរដ្ឋាភិបាលក្នុងឆ្នាំ២០១៤ ហើយនាំឲ្យមានកិច្ចអន្តរាគមន៍យោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅឆ្នាំក្រោយមក ។
សង្គ្រាមនៅយេមែន ជាលទ្ធផល បានស្លាប់មនុស្សរាប់ពាន់នាក់ ហើយបានទម្លាក់ប្រទេសក្រីក្របំផុតរបស់អារ៉ាប់មួយនេះ ទៅក្នុងអ្វីដែលអង្គការសហប្រជាជាតិហៅថា ជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងថា ក្រុមហ៊ូធី បានឃុំខ្លួនអ្នកកាសែត ១០ នាក់ ចាប់តាំងពីឆ្នាំ ២០១៥ ។
នៅក្នុងរបាយការណ៍កាលពីខែមុន ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានរិះគន់តុលាការព្រហ្មទណ្ឌពិសេសរបស់ក្រុមឧទ្ទាមហ៊ូធី ដែលបានចេញសេចក្តីសម្រេចកាត់ក្តីកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នោះ ។
អ្នកកាសែត៤រូប រួមជាមួយមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោស កាលពីថ្ងៃទី១១ ខែមេសា ដោយតុលាការរបស់ក្រុមឧទ្ទាមហ៊ូធី ។
ការចោទប្រកាន់ពីបទធ្វើចារកម្ម ហើយត្រូវអនុវត្តទោសប្រហារជីវិតជាចាំបាច់នោះ ស្ថិតនៅក្រោមច្បាប់របស់យេម៉ែន ៕ ប្រែសម្រួលដោយ៖ thach yat