ភ្នំពេញ៖ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២នាក់ និងជាសះស្បើយថ្មីបន្ថែម ២នាក់ទៀត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
ករណីជាសះស្បើយថ្ងៃនេះ គឺជាបុរសជនជាតិម៉ាឡេស៊ី ទាំង ២នាក់ ដោយម្នាក់មានអាយុ ៣៤ឆ្នាំ និងម្នាក់ទៀត អាយុ ៥៨ឆ្នាំ ដែលបានមកពីប្រទេសម៉ាឡេស៊ីធ្វើការងារសាសនា នៅតាមភូមិឃុំស្រុកកងមាស នាខេត្តកំពង់ចាម។ អ្នកទាំងពីរ បានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យខេត្តកំពងចាមហើយ ក្រោយលទ្ធផលតេស្តអវិជ្ជាមានចំនួន ២លើក។
ចំណែកឯករណីឆ្លងថ្មី រួមមាន៖ ទី១ ស្ត្រីជនជាតិវៀតណាម អាយុ ២៨ឆ្នាំ ជាអ្នកទេសចរណ៍ នៅរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ទី២ បុរសជនជាតិកាណាដា អាយុ ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យជាមួយគ្នា។
សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ហើយ ក្នុងនោះចំនួនជាសះស្បើយមាន ៧៧នាក់៕ ដោយ៖ តារា