ការឆ្លងវីរុសកូវីដ១៩ នៅប្រទេសថៃបានធ្លាក់ចុះរយៈពេលបីថ្ងៃជាប់គ្នាហើយបើគិតពីថ្ងៃព្រហស្បតិ៍មានចំនួន៥៤ករណី ថ្ងៃសុក្រចំនួន៥០ករណី និងថ្ងៃសៅរ៍នេះមានចំនួន៤៥ករណី ដែលករណីភាគច្រើនទាក់ទងនឹងប្រជាជនដែលវិលត្រឡប់មកពីបរទេសហើយបច្ចុប្បន្ននេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។
រូបតំណាង
អ្នកនាំពាក្យរបស់ CCSA លោក TaweesinVisanuyothin បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក មានអ្នកដែលមានសុខភាពល្អមុនពេលឡើងជិះយន្តហោះ ប៉ុន្តែនៅពេលមកដល់ប្រទេសថៃពួកគេបានពិនិត្យសុខភាពម្តងទៀតហើយលទ្ធផលបង្ហាញថាពួកគេមានផ្ទុកវីរុសកូវីដ១៩។ ករណីអ្នកឆ្លងវីរុសសរុបនៅក្នុងប្រទេសបានកើនដល់ចំនួន ២ ៥១៨ករណី ដែលមានចំនួនអ្នកស្លាប់២នាក់បន្ថែមទៀតសុទ្ធតែជាបុរសថៃវ័យចំណាស់។ ម្នាក់មានជំងឺទឹកនោមផ្អែមហើយឆ្លងជំងឺពីសមាជិកគ្រួសារ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១ ខែមេសា។ អ្នកទី២ ធ្វើការជាអ្នកបោសសម្អាតនៅទីក្រុងបាងកក ប៉ុន្តែបានត្រឡប់ទៅស្រុកកំណើតនៅខេត្ត Phayao វិញនៅថ្ងៃទី១៩ ខែមីនា។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅរយៈពេលពីរបីថ្ងៃក្រោយពីមកដល់ស្រុកកំណើតដោយសារតែស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន។ វេជ្ជបណ្ឌិត Taweesin បានបដិសេធថា CCSA មិនលាក់បាំងចំនួនពិតនៃអ្នកឆ្លងនិងអ្នកស្លាប់ ដោយរាប់បញ្ចូលថាពួកគេកើតជំងឺផ្តាសាយនោះទេ។ លោកបានកត់សម្គាល់ថាករណីផ្តាសាយធំនៅឆ្នាំនេះមានការថយចុះដោយសារតែមនុស្សគ្រប់គ្នាបានពាក់ម៉ាស់ជាប់ជានិច្ច។
បច្ចុប្បន្ននេះ វីរុសកូវីដ១៩ បានរីករាលដាលដល់ខេត្តចំនួន៦៨ នៅក្នុងប្រទេសថៃ។ ក្នុងនោះផងដែរទីក្រុងបាងកកមាន ១ ២៨០ករណីដែលជាចំនួនច្រើនជាងគេបំផុត បន្ទាប់មកគឺ Phuket ចំនួន១៧២ករណី Nonthaburi មាន ១៤៨ករណី Samut Prakan មាន ១០៦ករណី Yala មាន ៧៧ករណី Chon Buri មាន៧៥ករណី Pattani មាន ៧៤ករណី Songkhla មាន៥៥ករណី Chiang Mai មាន៤០ករណី និង Pathum Thani មាន៣៣ករណី។ Phuket មានអត្រាអ្នកឆ្លងខ្ពស់បំផុតគឺ ៤១,៦១% ក្នុងចំណោមប្រជាជន ១០០,០០០នាក់ បន្ទាប់មកគឺទីក្រុងបាងកកមានអត្រាអ្នកឆ្លងចំនួន ២២.៥៧%។ ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃបានរាយការណ៍នៅថ្ងៃនេះថាខេត្តចំនួន៤៧ រួមទាំងទីក្រុងបាងកកបានហាមឃាត់ការលក់ស្រាក្នុងរយៈពេលខុសៗគ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែមេសាឬរហូតដល់ចុងខែមេសាអាស្រ័យលើការសម្រេចរបស់អភិបាលខេត្តនីមួយៗ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD