នៅវេលាម៉ោង ១១និង១៥នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះប្រទះឃើញបុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌាដេកបែកពពុះមាត់ស្កុលនៅលើកង់បីរបស់ខ្លួនឯង សង្ស័យជាករណីដាក់ថ្នាំសណ្តំលួចយកទូរសព្ទ នៅចំណុចខាងមុខដីឡូតិ៍មួយកន្លែង លើផ្លូវបេតុងមាត់ប្រឡាយ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញកង់បីឥណ្ឌាខាងលើ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AF-9989 បើកមកចតទុកនៅខាងក្រោមដើមឈើមួយដើមនៅខាងមុខដីឡូតិ៍ខាងលើអស់រយៈពេលជាច្រើនម៉ោង ដោយមានការសង្ស័យប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានទៅអើតមើលក៏ឃើញបុរសម្នាក់ដេកបែកពពុះមាត់ស្កុលនៅលើកង់បី បង្កការភ្ញាក់ផ្អើលសង្ស័យត្រូវបានគេដាក់ថ្នាំដើម្បីយកទូរសព្ទ ទើបរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យ។
ជនរងគ្រោះមានឈ្មោះ សែ យ៉ុម ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់កង់បីឥណ្ឌា មានទីលំនៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្រោយកើតហេតុកម្លាំងមានសមត្ថកិច្ចបានទាក់ទងទៅរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុង មកដឹកជនរងគ្រោះខាងលើយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ស។ ចំណែកកង់បីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅវិញ៕ ដោយ ៖ សុង យូ