ដោយសារចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ចេះតែបន្ដកើនឡើងជាលំដាប់ នៅក្នុងប្រទេសថៃ ទើបអាជ្ញាធរ នៃប្រទេសនេះ បានដាក់បម្រាមទៅលើអ្នកផឹក កុំឲ្យប្រមូលផ្ដុំគ្នា សូម្បីតែក្រុមតូចមានគ្នា៣ទៅ៤នាក់ ក៏ត្រូវហាមឃាត់ដែរ ហើយអ្នកប្រព្រឹត្ដល្មើសអាចនឹងត្រូវពិន័យជាប្រាក់ រហូតដល់ទៅជាង៣ពាន់ដុល្លារអាមេរិក ឬជាប់គុក រយៈពេល១ឆ្នាំ។
មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានព្រមានថា សង្រ្កាន្ដចូលឆ្នាំថ្មី នឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ៗនេះ ហើយពលរដ្ឋថៃទាំងអស់ក៏ត្រូវបានព្រមាន មិនឲ្យមានការជួបជុំគ្នាផឹកស៊ីជាក្រុមនោះឡើយ។ សូម្បីតែការជួបជុំគ្នាជាក្រុមតូចមួយ មានមនុស្សត្រឹមតែ៣ទៅ៤នាក់ ក៏ត្រូវបានហាមឃាត់ផងដែរ។ រីឯអ្នកជួបជុំគ្នាផឹកស៊ី អាចត្រូវប្រឈមនឹងផ្លូវច្បាប់ផងដែរ។
ការព្រមាននេះធ្វើឡើង តាមសេចក្ដីរាយការណ៍ថា មានពលរដ្ឋជាច្រើនមួយចំនួន បានប្រញាប់ប្រញាល់ទៅទិញស្រា យកមកស្ដុកសម្រាប់ទុកផឹក ដើម្បីឲ្យបានមុនការហាមឃាត់លក់ស្រា នៅក្នុងទីក្រុងបាងកក និងនៅតាមបណ្ដាខេត្តនានា។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានថ្លែងថា ករណីនេះ ប៉ូលិសអាចនឹងប្រើសិទ្ធិអំណាចរបស់ខ្លួន ក្រោមច្បាប់គ្រាអាសន្ន ដើម្បីចាត់វិធានការទប់ទល់នឹងការប្រមូលផ្ដុំគ្នានេះ ។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត មិនបានបញ្ជាក់អំពីចំនួនមនុស្សដែលប្រមូលផ្ដុំគ្នាផឹកស៊ី ហើយប្រឈមនឹងច្បាប់នោះឡើយ។ បើយោងតាមបម្រាមនោះ អ្នកប្រព្រឹត្ដល្មើស អាចប្រឈមនឹងការផាកពិន័យចំនួន ១សែនបាត (លុយថៃ) ស្មើនឹងជាង៣០៦០ដុល្លារ ឬជាប់គុករយៈពេល១ឆ្នាំ។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Taweesilp បានបន្ដថា នាយកដ្ឋានសុខភាពនៅតែព្រួយបារម្ភ អំពីការរីករាលដាល នៃកូវីដ១៩ នៅក្នុងអំឡុងសង្រ្កាន្ដចូលឆ្នាំថ្មីនេះ។ សង្រ្កាន្ដចូលឆ្នាំថ្មីរបស់ថៃ នៅឆ្នាំនេះ នឹងចូលមកដល់ នៅថ្ងៃទី១៣ ខែមេសា ខាងមុខ។
ខេត្ដជាច្រើនរបស់ថៃ កាលពីថ្ងៃទី១០ ខែមេសា បានចេញបម្រាមលក់ស្រា រួមមាន ខេត្តBuri Ram, Chai Nat, Chiang Mai, Lamphun, Mukdahan, Nakhon Pathom, Phichit, Phitsanulok, Prachin Buri, Rayong, Sakon Nakhon, Samut Songkram, Suphan Buri និងខេត្តសុរិន្ទ។ ការហាមឃាត់លក់ស្រានេះ ក៏ជាវិធានការទប់ស្កាត់ការប្រមូលផ្ដុំគ្នាផឹកស៊ី នាំឲ្យមានការឆ្លងរាលដាល នៃកូវីដ១៩។
បើគិតត្រឹមថ្ងៃទី១១ ខែមេសា នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់២៥១៨នាក់ ក្នុងនោះស្លាប់៣៥ និងជាសះស្បើយ១១៣៥នាក់៕ ប្រែសម្រួលដោយ Nuon