នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឲ្យផ្អាកគម្រោងទិញអាវុធទំាងអស់ ក្នុងនោះមានទាំងគម្រោងទិញនាវាមុជទឹកពីរគ្រឿងរបស់កម្លាំងទាហានជើងទឹក ទុកប្រាក់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩។
នៅថ្ងៃទី១១ខែមេសា រដ្ឋាភិបាលថៃ បានផ្ញើលិខិតទៅកាន់ក្រសួងការពារជាតិ ស្នើកាត់បន្ថយការចំណាយ១០ ភាគរយដើម្បីជួយដល់គម្រោងរបស់រដ្ឋាភិបាល ក្នុងសង្គ្រាម ប្រឆាំងកូវីដ-១៩។
នៅថ្ងៃទី១១ខែមេសាថៃមានករណីឆ្លងកូវីដ-១៩ ថ្មីមាន៤៥ករណី ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ ជាង២៥០០នាក់ និងស្លាប់ថ្មី២នាក់ទៀត ធ្វើឲ្យអ្នកស្លាប់កើនឡើង៣៥នាក់ផងដែរ។ ក្រៅពីនេះថៃមានអ្នកជាសះស្បើយពីជំងឺកើនឡើងដល់ទៅជាង១ពាននាក់ផងដែរ ។
ថៃបានប្រកាសអាសន្ន ចាប់ពីថ្ងៃទី២៦ខែមីនា រហូតដល់ថ្ងៃទី៣០ខែមេសា ឲ្យហាមពលរដ្ឋធ្វើដំណើរចាប់ពីម៉ោង២២ដល់ម៉ោង៤ភ្លឺ។ ប៉ុន្តែដោយសារតែមានពលរដ្ឋជាច្រើនបានបំពាន រដ្ឋាភិបាល នឹងអនុវត្តច្បាប់តឹងតែងជាងនេះ ។
កន្លងមករដ្ឋាភិបាលក៏បានអនុម័តច្បាប់ ហាមប្រាមពលរដ្ឋ រៀបចំពិធី ជះទឹកនៅក្នុងឱកាសបុណ្យសង្ក្រាន បើអ្នកបំពានអាចនឹងត្រូវជាប់គុក៕ ប្រែសម្រួលដោយ៖MEO