ភ្នំពេញ៖ បុរសម្នាក់ដេកលើម៉ូតូកង់បីបែកពពុះមាត់ សង្ស័យម៉ូយអ្នកថ្នាំសណ្តំយកទ្រព្យសម្បត្តិ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១៖០០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែ យ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ មុនពេលកើតហេតុគេឃើញបុរសខាងលើបើកម៉ូតូកង់បី មួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 1AF-9989 ក្នុងទិសដៅពីលិចទៅកើត ដោយមានដឹកម៉ូយផងដែរ ប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់ឃើញបុរសខាងលើបែកពពុះមាត់ សង្ស័យម៉ូយដាក់ថ្នាំសណ្តំ ហើយប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាជួយយកប្រេងក្រឡាលាបរិតឲ្យ តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ក៏ហៅរថយន្តសាមុយ ដឹកបុរសខាងលើនោះទៅកាន់មន្ទីរពេទ្យព្រះកុសុមះ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ បានមកដល់កន្លែងកើត និងយកម៉ូតូកង់បី កាបូបលុយនិងជញ្ជៀនប្លាកទីន ១វង់ ដែលជារបស់ជនរងគ្រោះទៅរក្សាទុក ចំណែកទូរសព្ទ័ដៃ ១គ្រឿងទៀតត្រូវជនសង្ស័យបានយកទៅបាត់៕ ដោយ សួង សាម