សម័យកាលកូវីដ-១៩ អ្នកអាក្រតកាយដេកហាលថ្ងៃ ក៏ត្រូវពាក់ម៉ាស់ដែរ។ កម្លាំងប៉ូលិសប្រទេសឆែកបានរឹតបន្តឹងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។ ទោះជាយ៉ាងណា ប៉ូលិសមិនបានហាមឃាត់ដល់ពលរដ្ឋណាម្នាក់ ដែលចង់ទៅដេកអាក្រាតកាយហាលថ្ងៃនោះឡើយ ប៉ុន្តែពួកគេត្រូវតែពាក់ម៉ាស់ការពារវីរុសកូវីដ១៩ជាប់ជានិច្ច។
កាលពីខែមីនា ប៉ូលិសឆែកបានស្នើដល់ពលរដ្ឋទាំងអស់ ត្រូវតែពាក់ម៉ាស់ ពេលចេញពីផ្ទះសម្បែង ក្រោយពេលប្រកាសដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ដោយសារកូវីដ-១៩កំពុងតែរាលដាលយ៉ាងខ្លាំង នៅក្នុងទ្វីបអឺរ៉ុប។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួនធំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឆ្លងរាលដាល នៃកូវីដ-១៩ ហើយប៉ូលិសក៏តែងតែទទួលទូរស័ព្ទជាច្រើន អំពីការត្អូញត្អែរថា ពលរដ្ឋរស់នៅស្រុក Lazne Bohdanec នាភាគខាងកើត នៃទីក្រុង Prague បាននាំគ្នាទៅដេកអាក្រាតកាយហាលថ្ងៃ។
ក្នុងចំណោមមនុស្ស១៥០នាក់ ដែលប៉ូលិសរកឃើញ មានពាក់កណ្តាលមិនគោរពច្បាប់ ដោយមិនបានពាក់ម៉ាស់ នៅទីសាធារណៈ។ ប៉ុន្តែក្រោយពេលណែនាំរួចមក ពលរដ្ឋបានគោរពទៅតាមច្បាប់ ដែលបានកំណត់។
ពលរដ្ឋឆែកទទួលបានការអនុញ្ញាត ឲ្យអាក្រាតកាយហាលថ្ងៃ នៅក្នុងតំបន់ដែលបានកំណត់ ប៉ុន្តែត្រូវតែពាក់ម៉ាស់ការពារជំងឺឆ្លង៕ ប្រែសម្រួលដោយ MEO