រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាម បានសម្រេចចិត្ដដំណោះស្រាយថ្មីមួយ ដោយផ្គត់ផ្គង់ហិរញ្ញវត្ថុជួយដល់ប្រជាជនរបស់ខ្លួន ដែលរងផលប៉ះពាល់ពីវីរុសកូវីដ១៩នេះ។
បើយោងតាមបណ្ដាញផ្សព្វផ្សាយវៀតណាម Nhandan បានផ្សាយថា បុគ្គលិកដែលត្រូវព្យួរការងារ រយៈពេល១ខែ ឬយូរជាងនេះ ដោយសារសហគ្រាសរបស់ពួកគេ មិនលទ្ធភាពបើកប្រាក់ខែឲ្យ នៅក្នុងអំឡុងពេលរាត ត្បាត នៃកូវីដ១៩នេះ រដ្ឋាភិបាលនឹងផ្គត់ផ្គង់លុយចំនួន៧៧,២ដុល្លារក្នុង១ខែដល់ពួកគេ។ រីឯការជួយផ្នែកហិរញ្ញវត្ថុនេះ នឹងមានរយៈពេលជាអតិបរមា ចំនួន៣ខែ។
ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្នុងកាលៈទេសៈ នៃការរាតត្បាតវីរុសនេះ និយោជកជាច្រើនកំពុងតែប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ ថៅកែខ្លះបានបើកប្រាក់ខែ ត្រឹមតែពាក់កណ្ដាល ឲ្យដល់និយោជិត របស់ខ្លួន។ រីឯបុគ្គលិកខ្លះទៀត ក៏បានខ្ចីប្រាក់ពីថៅកែរបស់ខ្លួន ដោយអត់មានការប្រាក់ សម្រាប់ទ្រទ្រង់នូវកង្វះខាតលើជីវភាពរបស់ពួកគេ។
អាជីវកម្មក្នុងគ្រួសារ មានប្រាក់ចំណូលជាប់ពន្ធ តិចជាង៤២៨៨ដុល្លារអាមេរិក ក្នុងមួយឆ្នាំ រដ្ឋនឹងត្រូវផ្តល់ឲ្យ៤២,៨៨ដុល្លារ ក្នុងមួយខែរយៈពេល៣ខែ ប្រសិនបើពួកគេត្រូវផ្អាកអាជីវកម្ម ចាប់ពីខែមេសាទៅ។
ដោយឡែកកម្មករដែលបាត់បង់ការងារ ហើយមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ពីការអត់ការងារធ្វើនោះ ក៏នឹងអាចទទួលបានប្រាក់១លានដុង ឬស្មើនឹង៤២ដុល្លារអាមេរិក ក្នុងមួយខែ ចាប់ពីខែមេសា រហូតដល់ខែមិថុនា ៕ ប្រែសម្រួលដោយ Nuon