គិតមកត្រឹមសប្តាហ៍ទី២នៃខែមេសា ឆ្នាំ២០២០នេះ ដែលគៀកនិងថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តាវត្តអារាមជាច្រើន នៅរាជធានីភ្នំពេញ ហាក់នៅមានសភាពស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ។
ការមិនអនុញ្ញាតិឱ្យមានការរៀបចំកន្លែង ដើម្បីធ្វើកិច្ចនៃពិធីបុណ្យចូលឆ្នាំថ្មី នៅតាមទីវត្តអារាមនានា គឺដើម្បីរួមគ្នាអនុវត្តនូវវិធានការបង្ការ និងវិធីទប់ស្កាត់ការឆ្លងរាគត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមព្រះរាជប្រកាស របស់សម្តេចព្រះអគិសិរីសុគន្ធាមហាសង្ឈរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតបួរ គ្រី សម្តេចព្រះមហាសង្ឈរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបទៅនឹងព្រះរាជប្រកាសរបស់សម្តេចអគិសិរីសុគន្ធាមហាសង្ឈរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតបួរ គ្រី សម្តេចព្រះមហាសង្ឈរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា គឺបានដាក់កំហិតមិនឱ្យវត្តអារាមនៅទូទាំងប្រទេសមានការប្រមូលផ្តុំមនុស្ស ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឡើយ។
បើតាមព្រះសតិបាលោ ភិក្ខុ សុខ សុផៃ គង់នៅវត្តគល់ទទឹងបានមានព្រះថេរដីកាថា៖« ដោយសារឆ្នាំ នេះវាមានទាក់ទងនិងស្ថានភាពសព្វថ្ងៃគឺវាមានកូវីដ (អ៊ី)ចឹងទៅក្រសួងគេចេញសារាចរណ៍ ក៏អត់ជួបជុំ (អ៊ី)ចឹង។ ប៉ុន្តែសម្រាប់ព្រះសង្ឈបើមានញាតិញោមមកក៏មានការទទួលដែរ ដូចថាមិនហាមឃាត់(អ៊ី) ចឹង។ ជាធម្មតាបើមានញាតិញោមមកហើយគឺត្រូវតែមានព្រះសង្ឈមកទទួលទេយ្យទាន ទេយ្យធ៌ម របស់គាត់ហើយ»។
ជាមួយគ្នានេះ បើតាមព្រះវីរៈបញ្ញាញាណថៃ ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តស្ទឹងមានជ័យ បានមានថេរដីកាថា៖« [ពុទ្ធ បរិស័ទ] ថ្ងៃចូលឆ្នាំប្រហែលជាអាចមក[វត្ត]ច្រើនជាងថ្ងៃធម្មតា ប៉ុន្តែអាត្មានិងរកមធ្យោយបាយ ប្រសិន បើគាត់មកគឺឱ្យមានកម្មវិធីបង្សូល ធ្វើយ៉ាងមិចរៀបចំឱ្យព្រះសង្ឈអ្នកអង្គុយបង្សូលនិងពុទ្ធបរិស័ទ ធ្វើ យ៉ាងដូចម្តេចឱ្យមានការឃ្លាតគ្នាបន្តិចទៅ។ ពរ! រៀបចំឱ្យមានការឃ្លាតគ្នា កុំឱ្យវានៅជាប់គ្នាពេក ព្រោះ ការនៅជាប់គ្នាទៅ គឺវាអាចឆ្លងរីករាលដាលដល់រោគ អានេះបើជាកម្មវិធីហ្នឹង យើងមិនអាច ខាន បាន នោះទេ»។
ស្រដៀងគ្នាផងដែរ វត្តនន្ទមុន្នី ដែលស្ថិតនៅតាមបណ្តោយផ្លូវស្ទឹងមានជ័យ ក៏បានប្រើមធ្យោយ សម្រាប់ទប់ស្កាត់នូវបញ្ហានេះដែរ។
បើតាមព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនន្ទមុន្នី បានមានព្រះថេរដីកាថា៖« ពេលចូលឆ្នាំនៅក្នុងវត្តគឺមិនមានការរៀបចំពិធីតុបតែង និងបំពាក់គ្រឿងរណ្តាប់ សម្រាប់ទទួលទេវតាឆ្នាំថ្មី និងពុទ្ធបរិស័ទឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការដាក់ទង់ជាតិនៅតាមទីវត្តអារាម ឬ ចងគោមប្រយួរនៅតាមជញ្ជាំង និងការតុបតែងគ្រឿងលម្អរផ្សេងៗទៀត នៅតាមដងផ្លូវចូលវត្ត ក៏មិនមានការរៀបចំដែរ។
សូមបញ្ជាក់ថា សម្រាប់វត្តនៅរាជធានីភ្នំពេញគេសង្កេតឃើញថា មិនត្រឹមតែមិនបានរៀបចំតុបតែងលម្អឱ្យមានសោភ័ណភាពនៅក្នុងវត្តតែប៉ុណ្ណោះទេ ប៉ុន្តែកន្លែងរាប់បាទ កន្លែងពូនភ្នំខ្សាច់ និងកន្លែងវេចង្ហាន់ កន្លែងស្រង់ព្រះ ឬកន្លែងភាវនាធ៌មទេសនា ក៏មិនឃើញមានការៀបចំដែរ ក្រៅតែពីការធ្វើអនាម័យ និង បោសសំអាតវត្ត ដែលជាការងារត្រូវធ្វើជាប្រចាំថ្ងៃ នៅក្នុងវត្តនីមួយៗនោះ៕ ដោយ៖ ឃួន លក្ខិណា