Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហ៊ុន សែន ស្នើ​សមត្ថកិច្ច​ទាំង​អស់ ​អនុវត្ត​បទ​បញ្ជា​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ដោយ​ភាព​ទន់​ភ្លន់បំផុត

ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១១ មេសានេះ បាន​ជំរុញ​ទៅ​កាន់​បណ្តា​សមត្ថកិច្ច​ទាំង​អស់​នៅ​ទូទាំង​ប្រទេស អនុវត្ត​បទ​បញ្ជា​ឲ្យមាន​ប្រសិទ្ធភាព និង​ទន់​ភ្លន់​បំផុត​ចំពោះ​ប្រជា​ពលរដ្ឋ ដោយ​សម្តេច​លើក​ឡើង​ថា ពលរដ្ឋ​យើង​មួយ​ចំនួន នៅ​មិន​ទាន់​យល់​ច្បាស់​ពី​តំបន់​ដែល​ជា​ព្រំដែន​ខណ្ឌ​ចែក​ខេត្ត និង​ខេត្ត​នោះ​ឡើយ។

យោង​តាម​សារ​ជា​សំឡេង ដែល​ TNAOT APP ទទួល​បាន សម្តេច​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​កម្មករ-កម្មការិនី ដោយ​តម្រូវ​ឲ្យ​ក្រសួង និង​ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើ​ការ​ស្រង់​តួលេខ​របស់​បងប្អូន​កម្មករ កម្មការិនី ដែល​បាន​ចាក​ចេញ​ពី​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើតឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​ស្ថានការណ៍។

មួយ​វិញ​ទៀត សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​បងប្អូន​ពលរដ្ឋ​ចំណាក​ស្រុក ទើប​ត្រឡប់មក​ពី​ប្រទេស​ជិត​ខាង កំពុង​ត្រូវ​គេ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នោះ សម្តេច​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ពលករ​ត្រឡប់​ចូល​ប្រទេស​វិញ​អំឡុង​ពេល​នេះ​ទេ ប៉ុន្តែ​បើ​មក​ដល់​ហើយ យ៉ាង​ណា​រដ្ឋាភិបាល​ គឺ​ត្រូវ​តែទទួល​យក​បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង ដោយ​សម្តេច​បាន​ផ្តល់​សិទ្ធ​ទៅ​កាន់​កង​យោធា​ប្រើ​ប្រាស់​រថយន្ត​ដឹកបងប្អូន​ទាំង​អស់ មក​ដាក់​នៅ​ឲ្យ​ដាច់​ដោយ​ឡែក​ក្នុង​ទីរួម​ខេត្ត​វិញ។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​ផ្តល់​អនុសាសន៍​ទៅ​ដល់​ក្រសួង​មាន​សមត្ថកិច្ច​ទាំងអស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ធានា​ថា មិន​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ ១៩ ទៅ​ក្នុង​សហគមន៍ ក្រុម​គ្រួសារ​យើង និង​ធានា​បាន​ថា មិន​បាន​ការ​ឆ្លង​ពី​ជន​បទ ចូល​មក​តាម​ខេត្ត​ក្រុង សហគ្រាស រោងចក្រ​នោះ​ឡើយ។

សម្តេច ហ៊ុន សែន ទទួល​ស្គាល់​ដែរ​ថា បទបញ្ជា​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​នេះ ពិត​ជា​ប៉ះពាល់​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ពិត​មែន ប៉ុន្តែ​រដ្ឋាភិបាល​ធ្វើ​នេះ ដើម្បី​ធានា​ថា កម្ពុជា មិន​មាន​ការ​ផ្ទុះ​ឆ្លង​រីក​រាល​ដាល​ជំងឺកូវីដ ១៩ ដូច​បណ្តា​ប្រទេស​ផ្សេង​ទៀត​ជុំ​វិញ​ពិភពលោក​នោះ​ឡើយ និង​សំណូម​ពរ​បងប្អូនប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​អនុវត្ត​ទាំង​អស់​គ្នា៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9122446