ប្រភពព័ត៌មាន Sputniks កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានផ្សាយថា ការឆ្លងវីរុស COVID-19 នៅប្រទេសរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង មានចំនួន ១៧៨៦ករណី និងស្លាប់១៨ករណី។
មជ្ឈមណ្ឌលទប់ស្កាត់កូរ៉ូណាវីរុសជាតិរបស់រុស្ស៊ី បានបញ្ជាក់ នៅថ្ងៃទី១០ ខែមេសា ថា អ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសនេះ បានកើនឡើងដល់ ១១ ៩១៧ករណី ក្នុងនោះបាត់បង់ជីវិត៩៤នាក់ និងអ្នកជាសះស្បើយ មានចំនួន៧៩៥នាក់។
ប្រភពព័ត៌មាន បានបញ្ជាក់ថា «ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ីបានកត់ត្រាអ្នកឆ្លង COVID-19 ចំនួន ១ ៧៨៦ ករណី នៅក្នុងតំបន់ចំនួន៥៧ ធ្វើឲ្យអ្នកឆ្លង COVID-19 សរុបទាំងអស់ បានកើនឡើងដល់ ១១ ៩១៧នាក់ នៅទូទាំងតំបន់ ចំនួន៨២របស់ប្រទេសរុស្ស៊ី» ។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានដដែល បានផ្សាយថា អ្នកឆ្លងវីរុស COVID-19 នៅលើពិភពលោក បានកើនឡើង ១ ៦០១ ០១៨ នាក់ ក្នុងនោះ៣៥៤ ៩៧២ នាក់ បានជាសះស្បើយ ។ ស្ថិតិចុងក្រោយបំផុតរបស់សាកលវិទ្យាល័យ Johns Hopkins បានអះអាងថា រហូតមកដល់ពេលនេះ នៅជុំវិញពិភពលោក មានអ្នកជំងឺ COVID-19 ចំនួន ៩៥ ៧១៨ នាក់ បានបាត់បង់ជីវិត។
សហរដ្ឋអាមេរិក នៅតែជាប្រទេសរងគ្រោះដោយសារវីរុស COVID-19 ខ្លាំងជាងគេបំផុត នៅលើពិភពលោក។ មហាអំណាចមួយនេះ មានអ្នកឆ្លង COVID-19 សរុប ៤៦៨ ៨៩៥ នាក់ ក្នុងនោះមានអ្នកជំងឺ ២៥ ៩៦០ នាក់ ជាសះស្បើយ និង ១៦៦៩៧នាក់ បានបាត់បង់ជីវិត។
អេស្ប៉ាញ មានអ្នកឆ្លង ១៥៣ ២២២ករណី ក្នុងនោះបាត់បង់ជីវិត ១៥ ៤៤៧នាក់ និង៥២១៦៥នាក់ ជាសះស្បើយ ។ អ៊ីតាលី មានអ្នកឆ្លងសរុប ១៤៣ ៦២៦ករណី ក្នុងនោះស្លាប់១៨២៧៩នាក់ និងជាសះស្បើយ ២៨៤៧០នាក់៕ ប្រែសម្រួលដោយ៖ thach yat