ប្រភពព័ត៌មានជិតស្និទ្ធនឹងរាជវង្សានុវង្សអារ៉ាប៊ីសាអូ៊ឌីត បានឲ្យដឹងថា មានសែរាជវង្ស ចំនួន១៥០អង្គ បានឆ្លងកូវីដ-១៩ ។ បើតាមសារព័ត៌មាន The Times បានផ្សាយ នៅថ្ងៃទី១០ ខែមេសា ថា សមាជិករាជវង្សានុវង្សជាច្រើនអង្គ មានឆ្លងកូវីដ-១៩ ហើយត្រូវនៅឲ្យឆ្ងាយពីព្រះរាជវាំង។
ស្របពេលកូវីដ-១៩ កំពុងវាយលុកទៅលើរាជវង្សានុវង្សផងនោះ ព្រះមហាក្សត្រ Salman និងរាជទាយាទ Mohammed bin Salman ក៏ត្រូវបានកាត់ផ្តាច់ ដើម្បីព្យាបាលព្រះរោគ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ព្រះមហាក្សត្រ Salman កំពុងតែកាត់ផ្តាច់ពីរាជវង្សានុវង្ស ដោយគង់នៅក្បែរកោះមួយជិត Jeddah ។ ចំណែករាជទាយាទ ក៏ត្រូវបានយាងទៅកាន់តំបន់ដាច់ស្រយាល នៅឆ្នេរសមុទ្រក្រហមផងដែរ។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ King Faisal នៃទីក្រុងរីយ៉ាត កំពុងតែព្យាបាលឲ្យសមាជិករាជវង្សផ្សេងទៀត ហើយក៏បានត្រៀមគ្រែពេទ្យ ជាង៥០០បន្ថែមទៀត ដើម្បីបង្ការខ្លាចមានអ្នកឆ្លងកើនឡើងផងដែរ។
រាជវង្សអារ៉ាប៊ីសាអូ៊ឌីត មានរាជបុត្ររាប់ពាន់នាក់ ហើយក្នុងចំណោមរាជបុត្រមួយចំនួន ក៏ធ្លាប់ចេញចូលទៅកាន់តំបន់អឺរ៉ុប ជាទីកន្លែងងាយឆ្លងកូវីដ-១៩បំផុត។
សារព័ត៌មាន New York Times បានផ្សាយថា រាជបុត្រ Faisal bin Bandar bin Abdulaziz Al Saud អភិបាលរាជធានីរីយ៉ាត មានព្រះជន្ម៧០វស្សា បានឆ្លងកូវីដ-១៩ កំពុងតែទទួលការព្យាបាលយ៉ាងពិសេស។ ទីក្រុងជាច្រើន ក្នុងនោះមានរាជធានីរីយ៉ាត ក៏បានដាក់ក្នុងគ្រាអាសន្ន រយៈពេល២៤លើ២៤ម៉ោង ។
នៅក្នុងរាជវង្សអារ៉ាប៊ីសាអូ៊ឌីត មានសមាជិកសរុបទាំងអស់ ប្រមាណ១៥ពាន់អង្គ និងមានពលរដ្ឋ ៣៣លាននាក់។ នៅទូទាំងប្រទេស មានអ្នកឆ្លង សរុបកើនឡើងដល់ទៅជាង ៣២០០នាក់ និងស្លាប់៤៤នាក់៕ ប្រែសម្រួលដោយ៖ MEO