រហូតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ វីរុស COVID-19 ត្រូវបានកត់ត្រាថា បានឆ្លងនៅក្នុងប្រទេសទីម័រខាងកើតចំនួន២ករណីប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលបានយល់ព្រមចំណាយថវិកា២៥០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងវីរុសរាតត្បាតមួយនេះ ។
តាមការចេញផ្សាយរបស់ប្រភពរ៉យទ័រអះអាងថា មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ទីម័រខាងកើតមានករណីវីរុស COVID-19 ថែមមួយករណីទៀតកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ធ្វើឲ្យប្រទេសនេះកើនឡើងសរុបចំនួន២ករណី ។
នៅក្នុងសន្និសីទកាសែត លោក Sergio Lobo អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិចម្រុះ បានថ្លែងថា មនុស្សដែលបានឆ្លង COVI-19 ថ្មីនេះ ទើបតែបានវិលត្រឡប់មកពីតំបន់ West Timor របស់ឥណ្ឌូនេស៊ី ។
គួរបញ្ជាក់ថា ប្រទេសដ៏ដូចនៅអាស៊ីអាគ្នេយ៍, ទីម័រខាងកើតមានប្រជាជនជាង១,៣លាននាក់ ។ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ប្រជាជនប្រទេសនេះ ត្រូវបានរាយការណ៍មុនដំបូងគេថា មានផ្ទុកវីរុស COVI-19 ។ លោក Lobo បានអះអាងថា នៅពេលនេះ អ្នកជំងឺបានជាសះស្បើយវិញហើយ ។
លោក Taur Matan Ruak នាយករដ្ឋមន្ត្រីទីម័រខាងកើតបានដកពាក្យលាលែងពីតំណែងរបស់លោកកាលពីថ្ងៃទី៨ ខែមេសា ដោយនិយាយថា លោកនឹងនៅតែជានាយករដ្ឋមន្ត្រីដើម្បីត្រួតពិនិត្យ ដឹកនាំការប្រយុទ្ធប្រឆាំងវីរុស COVID-19 ដែលកំពុងឆ្លងរាតត្បាត ។ រដ្ឋាភិបាលបានយល់ព្រមចំណាយ២៥០លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងវីរុសនេះផងដែរ៕ ប្រែសម្រួលដោយ៖ thach yat