អង្គការ OPEC និងប្រទេសផលិតប្រេងសំខាន់ៗជាច្រើនទៀត រួមទាំង ប្រទេសរុស្ស៊ីជាដើម បានយល់ព្រមកាត់បន្ថយការផលិតកម្មជាប្រវត្តិសាស្រ្ត ចំនួន១០លានធុង ក្នុងមួយថ្ងៃ។ ការកាត់បន្ថយនេះ មានរយៈពេលពីរខែ ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន Arirang កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។
ការប្រែប្រួលនេះ បានកើតឡើង ខណៈវីរុស COVID-19 បាននិងកំពុងរាតត្បាត នៅពាសពេញពិភពលោក ទើបនាំឲ្យការបញ្ជាទិញប្រេងឆៅ ធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ។ ជើងហោះហើរ និងចរាចរណ៍តាមយានយន្ត ស្ទើរតែពុំមានសោះឡើយ។
ជាមួយនឹងការសម្រេចចិត្តលើកិច្ចព្រមព្រៀងគ្នានេះ អង្គការ OPEC និងប្រទេសផលិតប្រេងសំខាន់ៗ នឹងកាត់បន្ថយការផលិតប្រេង រហូតដល់១០លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២០។ កាត់បន្ថយការផលិត៨លានធុង ក្នុងមួយថ្ងៃ ចាប់ពីខែកក្កដា រហូតដល់ដំណាច់ឆ្នាំ២០២០ ហើយនិងកាត់បន្ថយការផលិតប្រេង៦លានធុង ចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែមេសា ឆ្នាំ២០២២។
បើទោះជាមានកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេង ជាប្រវត្តិសាស្ត្រនេះក៏ពិតមែន ប៉ុន្តែតម្លៃប្រេង កាលពីថ្ងៃទី៩ ខែមេសា នៅតែបន្តធ្លាក់ចុះ ខណៈអ្នកវិនិយោគិនបានព្រួយបារម្ភថា វាហាក់ដូចជានៅមិនទាន់គ្រប់គ្រាន់ ដើម្បីបញ្ចប់ការធ្លាក់ចុះ នៃតម្រូវការនេះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat