Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋសភា អនុម័តច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន មាន៥ជំពូក និង ១២មាត្រា

ភ្នំពេញ៖ រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលមាន១២មាត្រា នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន ៥ជំពូក និង១២មាត្រា ។ សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងស្របតាមរដ្ឋធម្មនុញ្ញ មាត្រា២២ថ្មី ដែលបានចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

ការសម្រេចដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពី គ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លំាងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទំាងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទំាងប្រទេស។

ក្រៅពីបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភា បានប្រកាសទទួលស្គាល់តំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវមួយរូប ជំនួសតំណាងរាស្រ្តចាស់ ដែលបានលាលែង និងបានបោះឆ្នោតជ្រើសតំាង ផ្លាស់ប្តូរសមាជិកគណៈកម្មការជំនាញរដ្ឋសភា មួយចំនួនផងដែរ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9118709