Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋអាមេរិក​អត់ការងារធ្វើ​ ដាក់ពាក្យស្នើសុំ​អត្ថប្រយោជន៍​​កើនឡើង​ជាង​១៦លាននាក់

វីរុស​ COVID-19 ដែលកំពុងរាតត្បាតខ្លាំង​នៅក្នុងទឹកដីអាមេរិក​នោះ បានធ្វើឲ្យ​ពលរដ្ឋ​អត់ការងារធ្វើ កើនឡើងជាបន្តបន្ទាប់។ ប្រភព​ប៊ីប៊ីស៊ី​ បានផ្សាយ ​កាលពីថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០ថា ចំនួន​ប្រជាជនអាមេរិក​ដែលបានដាក់ពាក្យស្នើសុំ​ទទួលបានអត្ថប្រយោជន៍​ពីរដ្ឋាភិបាល ដោយសារតែការអត់ការងារធ្វើ​នោះ ក្នុងអំឡុង​ពេល៣សប្តាហ៍ប៉ុណ្ណោះ មានរហូតដល់​៦,៦លាននាក់ ធ្វើឲ្យចំនួន​អ្នកអត់ការងារធ្វើ ហើយដាក់ពាក្យស្នើ​សុំអត្ថប្រយោជន៍​​ ​នៅអំឡុងពេលនេះ​បានកើនឡើង​ ជាង​១៦​លាននាក់ ។ ជាមួយគ្នានេះផងដែរ ធនាគារកណ្តាល​អាមេរិក​ បានប្រកាស​ថា ខ្លួន​នឹងបញ្ចេញប្រាក់កម្ចី​បន្ថែម​២,៣ពាន់ពាន់លានដុល្លារ ($2.3 trillion) ដើម្បីជួយទប់ស្កាត់​​​កូរ៉ូណាវីរុស ឬ COVID-19 ខណៈវីរុសនេះបានបង្ខំ​ឲ្យ​អាជីវកម្ម​ជាច្រើន​បិទទ្វារ និងដាក់​កំហិត​ឲ្យ​ពលរដ្ឋអាមេរិក​ប្រហែល​៩៥ភាគរយ​ ស្ថិតក្នុងផ្ទះ​ តាមទម្រង់​បិទប្រទេស ឬរឹតបន្តឹងលើង​ការធ្វើដំណើរ​។ 

អង្គការសប្បុរសធម៌មានមូលដ្ឋាន​ នៅចក្រភពអង់គ្លេស Oxfam បានព្រមានថា សេដ្ឋកិច្ច​ធ្លាក់ចុះ​ដោយសារ​ជំងឺ COVID-19 ឆ្លងរាតត្បាតនេះ​ អាចរុញច្រាន​មនុស្ស​ ជាង​កន្លះ​ពាន់លាននាក់​បន្ថែមទៀត​ ធ្លាក់​ទៅ​ក្នុង​បន្ទាត់​ នៃភាពក្រីក្រ ។ 

អង្គការសប្បុរសធម៌នេះ​បានព្យាករ​ទៀតថា នៅពេល​ការឆ្លងរាតត្បាត នៃវីរុស ​ត្រូវបានបញ្ចប់​នោះ គឺប្រហែលពាក់កណ្តាល​ នៃប្រជាជន​ពិភពលោក សរុប ៧,៨​ពាន់លាននាក់នោះ អាច​រស់នៅក្នុងកម្រិត​ជីវភាព​ក្រីក្រ។​ 

ក្រោយជំនួបពិភាក្សា​ដ៏ផុសផុល កាលពីថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២០នោះមក មេដឹកនាំ​សហភាពអឺរ៉ុប​​បានយល់​ព្រម​​លើកញ្ចប់ជំនួយសេដ្ឋកិច្ច​​ ប្រហែល​៥៤៦​ពាន់លានដុល្លារ​ ជួយដល់សមាជិក​​ នៃប្រទេសសហគមន៍​របស់ខ្លួន​ដែលរងផលប៉ះពាល់​ខ្លាំង​ជាងគេបំផុត ដោយសារវិធានការ​បិទ​ប្រទេសនេះ។ 

កាលពីពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានប្រកាសថា ខ្លួនមានគោលបំណងសម្របសម្រួល “ផែនទីបង្ហាញផ្លូវ” ដែលអាចធ្វើទៅបាន ដើម្បីងាកចេញពីវិធានការរឹតត្បិត ។

កាលពីដើមសប្តាហ៍នេះ អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាភ្នាក់ងារ​មួយរបស់អង្គការសហប្រជាជាតិ បានព្រមានថា វីរុសរាតត្បាតនេះបានបង្កទៅជា “វិបត្តិធ្ងន់ធ្ងរបំផុត” ចាប់តាំងពីសង្គ្រាមលោកលើកទី២។

របាយការណ៍​នេះបានបញ្ជាក់ថា ការផ្ទុះឡើង នៃវីរុស COVID-19 នេះ ត្រូវបានរំពឹងគិតថា នឹង​លុបចោល​ម៉ោង​ការងារ ​ប្រហែល​៤,៧ភាគរយ នៃម៉ោងការងារ​របស់ពិភពលោក​​ ក្នុងអំឡុងឆមាស​ទីពីរ នៃឆ្នាំ២០២០ គឺស្មើ​នឹងអ្នកធ្វើការងារ​ពេញម៉ោង ប្រហែល ​១៩៥ លាននាក់​​ បាត់បង់ការងារ​របស់ពួកគេ។ 

កាលពីខែមុន អង្គការ​សហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា សេដ្ឋកិច្ច​ពិភពលោក​​ នឹងចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្តារឡើងវិញ ។ 

អគ្គលេខាធិការអង្គការ OECD លោក Angel Gurría បានថ្លែងថា សេដ្ឋកិច្ចកំពុងរងនូវការភ្ញាក់ផ្អើលខ្លាំង ជាងកាលពីពេលបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ក្នុងឆ្នាំ២០០១ ឬវិបត្តិហិរញ្ញវត្ថុ​ឆ្នាំ២០០៨​នោះ​ទៅទៀត។

គួរលើកយកមកផងដែរថា វីរុស COVID-19 នៅប្រទេស​អាមេរិក គិតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឆ្លងលើមនុស្សសរុប ៤៦៤ ៨៦៥ នាក់ ក្នុងនោះ​បាត់បង់ជីវិត​១៦ ៤៩៨នាក់ និង ២៥ ៣៤៣នាក់ជាសះ​ស្បើយ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9118661