រដ្ឋសភាបើកសម័យប្រជុំ លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា រួមជាមួយវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន ១១៥រូប នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រនេះ នឹងធ្វើការពិភាក្សា និងអនុម័តទៅលើរបៀបវារៈ ចំនួន ៣ ដូចជា៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោកស្រី នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ
២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
៣- ការបោះឆ្នោតជ្រើសតាំង៖ លោក ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងលោក ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
ជាមួយគ្នានេះ រដ្ឋសភា បានលើកពិភាក្សាច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នជាចម្បង ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលបំណងតៀមទុក ក្នុងកាលៈទេសៈណាមួយដែលតម្រូវឱ្យដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលជំងឺកូវីដ១៩ កំពុងរាតត្បាតគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសកម្ពុជា៕ ដោយ៖ តារា