មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពធ្វើសមយុទ្ធរបស់កម្លាំងទាហានកាំភ្លើងធំ ហើយលោកបានវាយតម្លៃខ្ពស់ អំពីការខិតខំប្រឹងប្រែងរបស់កងពលនីមួយៗ ក្នុងការហ្វឹកហាត់។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី ១០ ខែមេសា បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានតាមដានការធ្វើសមយុទ្ធកាំភ្លើងធំ កាំភ្លើងត្បាល់ ដោយផ្ទាល់ ដើម្បីពិនិត្យសមត្ថភាព របស់កម្លាំងទាហាន។ សមយុទ្ធខាងលើធ្វើឡើង ក្រោយពេលកូរ៉េខាងជើង រៀបចំកិច្ចប្រជុំដ៏សំខាន់មួយ នៅក្នុងរដ្ឋសភា។
បើតាមសារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA បានផ្សាយថា លោក គីម ជុងអ៊ុន បានបញ្ជាការឲ្យធ្វើសមយុទ្ធដោយផ្ទាល់ ក្នុងគោលដៅត្រួតពិនិត្យកងពលកាំភ្លើងធំ និងត្រួតពិនិត្យអំពីសមត្ថភាពត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់ទាហាន។
សារព័ត៌មាន KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បង្ហាញអំពីការពេញចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់ហ្វឹកហាត់របស់កម្លាំងយោធា។ សារព័ត៌មានខាងលើ មិនបានបញ្ជាក់ថា សមយុទ្ធធ្វើឡើង នៅពេលណា នៅកន្លែងណានោះឡើយ ។ កាលពីថ្ងៃទី២១ ខែមេសា មេដឹកនាំកូរ៉េខាងជើង ក៏បានត្រួតពិនិត្យការធ្វើសមយុទ្ធ និងបាញ់មីស៊ីលផងដែរ៕ ប្រែសម្រួលដោយ៖ MEO