ប្រធានរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការឆ្លងរាតត្បាតវីរុស COVID-19 នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកអវិជ្ជមានដ៏ខ្លាំងបំផុត នៅក្នុងឆ្នាំនេះ ។
ប្រភពប៊ីប៊ីស៊ីបានផ្សាយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ថា លោកស្រី Kristalina Georgieva បានថ្លែងថា ពិភពលោកបានប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចបំផុត ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច កាលពីឆ្នាំ១៩៣០តរៀងមក។
លោកស្រីបានព្យាករថា នៅក្នុងឆ្នាំ២០២១ ស្ថានភាពនឹងធូរស្រាល ដោយផ្នែកឡើងវិញផងដែរ ។
ការបិទប្រទេសដែលអនុវត្តឡើង ដោយរដ្ឋាភិបាលនៃប្រទេសទាំងឡាយ បានបង្ខំឲ្យក្រុមហ៊ុនជាច្រើនបិទទ្វារ និងបញ្ឈប់បុគ្គលិកពីការងារ ។
កាលពីដើមសប្តាហ៍នេះ ការសិក្សាស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ បញ្ជាក់ថា ប្រហែល៨១ភាគរយ នៃកម្លាំងពលកម្មពិភពលោក ៣,៣ ពាន់លាននាក់ ការបំពេញការងាររបស់ពួកគេ ត្រូវបានបិទទាំងស្រុង ឬបិទដោយផ្នែក ដោយសារតែការឆ្លងរាតត្បាតពីវីរុស។
លោកស្រី Georgieva នាយកគ្រប់គ្រង IMF បានថ្លែងដូច្នេះ នៅមុនពេលជំនួបស្តីអំពី «កិច្ចប្រជុំនិទាឃរដូវ» រវាង IMF និងធនាគារពិភពលោកធ្វើឡើងសប្តាហ៍ខាងមុខនេះ ។
លោកស្រីបានថ្លែងថា ទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយទាមទារជំនួយបរទេសរាប់រយលានដុល្លារ ។
លោកស្រីមានប្រសាសន៍ថា «កាលពី៣ខែមុន យើងរំពឹងថា នឹងមានកំណើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ជាង១៦០ប្រទេស ក្នុងឆ្នាំ២០២០» ។ ប៉ុន្ដែឥឡូវនេះបានប្រែក្លាយទៅជាប្រទេសជាង ១៧០ នឹងជួបប្រទះនូវកំណើនប្រាក់ចំណូលអវិជ្ជមានសម្រាប់មនុស្សម្នាក់ នៅឆ្នាំនេះទៅវិញ ។
លោកស្រីបានបន្ថែមទៀតថា «តាមពិត យើងនឹងមានការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច នាឆ្នាំ១៩៣០នោះរហូតមក»។
លោកស្រី Georgieva បានថ្លែងថា ប្រសិនបើជំងឺរាតត្បាតបានធូរស្រាល នៅឆមាសទី២ នៃឆ្នាំ២០២០ IMF រំពឹងថា នឹងមានការងើបឡើងវិញមួយផ្នែក នៅឆ្នាំក្រោយ។ ប៉ុន្តែលោកស្រីបានព្រមានថា ស្ថានភាព ក៏អាចកាន់តែអាក្រក់ផងដែរ។
លោកស្រីបានថ្លែងថា «ខ្ញុំសង្កត់ធ្ងន់ថា មានភាពមិនប្រាកដប្រជាយ៉ាងខ្លាំង អំពីទស្សនវិស័យ ។ វាអាចកាន់តែអាក្រក់ អាស្រ័យលើកត្តាអថិរជាច្រើន រួមទាំងរយៈពេលការរាតត្បាត នៃជំងឺCOVID-19នេះ៕ប្រែសម្រួលដោយ៖ thach yat