នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានចាកចេញពីបន្ទប់ ICU ទៅកាន់បន្ទប់ធម្មតា ដើម្បីឲ្យក្រុមគ្រូពេទ្យតាមដានសុខភាពរបស់លោក ជាបន្តទៀត។ សុខភាពរបស់លោកបានវិលមករកភាពប្រសើរឡើងវិញហើយ ប៉ុន្តែលោកអាចត្រូវសម្រាកពីការងារ រយៈពេល២ខែ ដើម្បីរក្សាសុខភាពឲ្យជាដាច់ពីជំងឺកូវីដ-១៩។
អ្នកនាំពាក្យ នៃការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី៩ ខែមេសា បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីមានស្ថានភាពជំងឺល្អប្រសើរជាងមុន ហើយបានបញ្ជូនមកកាន់បន្ទប់ធម្មតា ដើម្បីគ្រូពេទ្យបន្តតាមដាន។ ស្មារតីរបស់លោក Johnson ល្អធម្មតា មិនមានការប្រែប្រួលនោះឡើយ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រី Johnson មានសុខភាពល្អប្រសើឡើងវិញហើយ ក្រោយឆ្លងកូវីដ-១៩។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសមិនបានបញ្ជាក់ថា ពេលណានាយករដ្ឋមន្ត្រីនឹងវិលត្រឡប់មកធ្វើការវិញនោះឡើយ។
លោក Johnson អាយុ៥៥ឆ្នាំ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីយប់ ថ្ងៃទី ៥ខែមេសា ក្រោយពេលជំងឺកូវីដ-១៩ កាន់តែធ្ងន់ទៅៗ។ នៅថ្ងៃទី៦ ខែមេសា លោកត្រូវបានបញ្ជូនទៅកាន់បន្ទប់ពិសេស ដោយសារតែលោកពិបាក ក្នុងការដកដង្ហើម៕ ប្រែសម្រួលដោយ៖ MEO