Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទិវារត់ប្រណាំងនៅរាជធានីភ្នំពេញត្រូវបានលើកទៅឆ្នាំ២០២១

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ដែលគ្រោងនឹងរៀបចំនាខែមិថុនា ឆ្នាំ២០២០ ត្រូវបានលុបចោល ដោយលើកទៅប្រារព្ធធ្វើនៅឆ្នាំ២០២១វិញ ខណៈទិវារត់ប្រណាំងអន្តរជាតិធំៗចំនួនពីរ នៅខេត្តសៀមរាប គឺទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ចម្ងាយ៤២គីឡូម៉ែត្រ នាខែសីហា និងទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ចម្ងាយ២១គីឡូម៉ែត្រ នាខែធ្នូ ឆ្នាំ២០២០ មិនទាន់ច្បាស់នៅឡើយទេ ដោយរង់ចាំមើលស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ថានឹងអូសបន្លាយដល់ពេលណា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ដោយយោងទៅតាមស្ថានភាពជាក់សម្តែងនៃវិបត្តិជំងឺផ្លូវដង្ហើមកូវីដ-១៩ ដែលកំពុងតែរីករាលដាល នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចមិនរៀបចំទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នាខែមិថុនា ឆ្នាំ២០២០ នេះទេ។ ប៉ុន្តែទិវារត់ប្រណាំងធំៗចំនួនពីរនៅតំបន់អង្គរ ខេត្តសៀមរាបនោះ មិនទាន់សម្រេចផ្អាកនៅឡើយទេ ដោយយើងកំពុងរង់ចាំពិនិត្យវិបត្តិជំងឺនេះបន្តរីករាលដាល និងបង្កផលប៉ះពាល់ដល់ពេលណា។ ឯកឧត្ដមបានគូសបញ្ជាក់ថា “យើងរង់ចាំមើសភាពការណ៍ជំងឺ១ខែ ឬ២ខែបន្តទៀតសិន ខណៈព្រឹត្តិការណ៍សំខាន់ៗ ដូចជាកីឡាជាតិ លើកទី៣ ការប្រមូលផ្តុំការហ្វឹកហាត់ទ្រង់ទ្រាយធំរបស់ក្រុមជម្រើសជាតិ រួមទាំងការប្រកួតធំៗក៏ត្រូវបានពន្យាពេលដូចគ្នាដែរ”។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ារ៉ាតុង និងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅខេត្តសៀមរាប និងពាក់កណ្តាលម៉ារ៉ាតុងនៅភ្នំពេញតែងតែទទួលបានការគាំទ្រពីបណ្តាអ្នកចូលរួមរត់ជាតិ និងអន្តរជាតិ ដោយមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយគណៈកម្មការរៀបចំនៃទិវាទាំងនេះតែងតែបានយកថវិកា ដែលបានពីការចុះឈ្មោះ និងការឧបត្ថម្ភគាំទ្រនានាបរិច្ចាគទៅកាន់កិច្ចការសប្បុរសធម៌ ជាពិសេសគឺមន្ទីរពេទ្យគន្ធបុប្ជាតែម្តង។ សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅខេត្តសៀមរាប នាខែធ្នូ ត្រូវបានប្រារព្ធធ្វើឡើងអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយមានអ្នកចូលរួម២ឆ្នាំចុងក្រោយនេះគឺមានជាង១ម៉ឺននាក់ឯណោះ៕

from: https://tnaot.com/km/m/detail/article/9116262