ក្រោយពេលវីរុសកូវីដ១៩ រាតត្បាត នៅក្នុងប្រទេសថៃ ធ្វើឲ្យមានអ្នកឆ្លងកាន់តែច្រើនឡើងនោះមក រហូតមកដល់ពេលនេះ ក៏មានវេជ្ជបណ្ឌិត និងគ្រូពេទ្យថៃ ចំនួន៨០នាក់ បានឆ្លងវីរុសដ៏កាចសាហាវនេះ។
ប្រទេសថៃ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានរកឃើញការឆ្លងថ្មី នៃវីរុសកូវីដ១៩ ចំនួន៥៤ករណី និងស្លាប់២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់២៤២៣ ក្នុងនោះស្លាប់៣២នាក់ និងជាសះស្បើយចំនួន៩៤០នាក់។
រដ្ឋាភិបាលថៃ បានចេញរបាយការណ៍ នៅថ្ងៃទី៩ ខែមេសាថា ករណីថ្មី នៃ Covid-19 (coronavirus disease 2019) មានចំនួន៥៤នាក់ និងស្លាប់២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង នៅទូទាំង៦៧រាជធានីខេត្ត នៃប្រទេសថៃ សរុបកើនឡើង ២៤២៣នាក់ ក្នុងនោះស្លាប់៣២នាក់ និងជាសះស្បើយ ចំនួន៩៤០នាក់។ រីឯអ្នកស្លាប់ថ្មី២នាក់នោះ រួមមាន ជនជាតិថៃម្នាក់ អាយុ៨២ឆ្នាំ និងម្នាក់ទៀងជាជនជាតិបារាំង មានអាយុ៧៤នាក់។
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យ នៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានឲ្យដឹងថា បុរសជនជាតិបារាំងខាងលើនេះ មិនមានកើតអាការជំងឺរ៉ាំរ៉ៃនោះទេ។ គាត់បានធ្លាក់ខ្លួនឈឺ ចាប់ពីថ្ងៃទី២៧ ខែមីនា ដោយមានអាការគ្រុនផ្ដាសាយ ក្អក ហត់ និងឈឺពោះ។ គាត់ត្រូវទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ នៃខេត្ដ Chon Buri ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួត។ ក្រោយមក គាត់ត្រូវបានគេធ្វើតេស្ត រកឃើញវិជ្ជមាន នៃ Covid-19 ។ រហូតមកដល់ថ្ងៃទី៧ ខែមេសា គាត់មានអាការពិបាកដកដង្ហើម ហើយត្រូវការជំនួយដកដង្ហើមពីបំពង់អុកស៊ីសែន លុះបន្ទាប់មកគាត់ក៏ស្លាប់តែម្ដង។
ដោយឡែកបុរសជនជាតិថៃ បានធ្លាក់ខ្លួនឈឺ កាលពីថ្ងៃទី២៥ ខែមេសា ដោយគ្រុនផ្ដាសាយ ហើយមានកម្ដៅឡើងដល់៣៨,៥អង្សាសេ។ គាត់ត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ Samut Prakan។ លុះមកដល់ថ្ងៃទី៣០ ខែមីនា គាត់មានអាការហត់ និងត្រូវការបំពង់ខ្យល់អុកស៊ីសែន ហើយក្រោយមក គាត់ក៏បានស្លាប់តែម្ដង។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីថ្មីទាំង៥៤នេះ មានមនុស្សចំនួន២២នាក់ ធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ១១ នៅក្នុងទីក្រុងបាងកក កាលពីពេលមុន។ រហូតមកដល់ពេលនេះ បុគ្គលិកពេទ្យថៃ ចំនួន៨០នាក់បានឆ្លងវីរុសកូវីដ១៩ ឬស្មើនឹង៣,៤ភាគរាយ នៃចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេស។
ក្នុងចំណោមបុគ្គលិកពេទ្យទាំង៨០នាក់ ដែលបានឆ្លងវីរុសនោះ គឺ៥០នាក់មានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ, ១៨នាក់មានទំនាក់ទំនង នៅក្នុងសហគមន៍ និង១២នាក់ ស្ថិតក្នុងការតាមដានសុខភាព។ បុគ្គលិកពេទ្យទាំងនោះ រួមមាន ៣៦នាក់ ជាគិលានុបដ្ឋាក និងជំនួយការគិលានុបដ្ឋាក ហើយ១៦នាក់ជាវេជ្ជបណ្ឌិត៕ ប្រែសម្រួលដោយ Nuon