ភ្នំពេញ៖ ក្រោយពីបានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា សម្រេចឃុំខ្លួនបណ្តោះអាសន្នជននេះ តាមមាត្រា ៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ឲ្យនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យល្អនៅពេលដីការនេះត្រូវបានបង្ហាញក្នុងករណីចំាបាច់។
សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៧ ខែមេសា។ ក្រោយចាប់ឃាត់ខ្លួន លោក សុវណ្ណ រិទ្ធី កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ ដោយសារតែ ស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ និងបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ជននេះត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៨ ខែមេសាដដែល។ ដោយ៖ ប៊ុនធឿន