បទឧក្រិដ្ឋមួយនេះបានបែកធ្លាយតាមរយៈការថតវីដេអូ និងចែករំលែកតៗគ្នាក្នុងចំណោមក្មេងមិនទាន់គ្រប់អាយុ ហើយបានធ្លាយដល់អាជ្ញាធរមានសមត្ថកិច្ច ។
ស្ត្រីវ័យក្មេង២នាក់បានរងចោទប្រកាន់ពីបទរំលោភផ្លូវភេទលើក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ស្ថិតនៅទីក្រុង Sarpsborg ប្រទេសន័រវេស ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន NRK របស់ប្រទេសន័រវេស ។
ប្រភពបានបន្តថា បទឧក្រិដ្ឋនេះបានកើតឡើងនៅក្នុងខែឧសភា ឆ្នាំ២០១៩ នៅពេលដែលក្មេងប្រុសរងគ្រោះត្រូវបានអញ្ជើញដោយក្មេងស្រីវ័យក្មេងពីររូប ដែលម្នាក់អាយុ១៩ឆ្នាំ ហើយម្នាក់ទៀតអាយុ១៧ឆ្នាំ ។ ចំណែកក្មេងស្រីម្នាក់ផ្សេងទៀតអាយុ១៥ឆ្នាំ ក៏បានវត្តមាននៅពេលនោះផងដែរ ។
ប្រភពបន្តថា នៅទីបំផុតនារីពីររូបបានឡើងទៅជាន់លើ ទៅបន្ទប់គេង ហើយបានរួមភេទជាមួយគ្នានឹងក្មេងប្រុសអាយុ១២ឆ្នាំ ។ នារីអាយុ១៩ឆ្នាំ ក៏នៅបានរកឃើញទោសកំហុសពីបទថតវីដេអូ ហើយបានចែករំលែកវីដេអូនោះទៅឲ្យក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ផ្សេងទៀត ។
ការរំលោភផ្លូវភេទលើក្មេងរូបនេះ បានបែកធ្លាយនៅរយៈពេល២ថ្ងៃក្រោយមក ពេលដែលក្មេងស្រីអាយុ១៥ឆ្នាំម្នាក់នោះ បានប្រាប់គ្រូបង្រៀនរបស់នាង នូវអ្វីដែលបានកើតឡើង ។ ខាងសាលាក៏បានរាយការណ៍ករណីនេះភ្លាមៗទៅឲ្យសមត្ថកិច្ចអាជ្ញាធរ ។
យោងទៅតាមសាលក្រម ក្មេងប្រុសអាយុ១២ឆ្នាំដែលត្រូវស្ត្រី២នាក់ចាប់រំលោភនោះ មិនបានទទួលរងនូវអំពើហិង្សា, ការគាបសង្កត់, គំរាមកំហែង ឬការបញ្ចុះបញ្ចូលអ្វីឡើយ ។ ទោះយ៉ាងណាក៏ដោយ ច្បាប់បានកំណត់ថា រាល់ទំនាក់ទំនងផ្លូវភេទជាមួយកុមារអាយុក្រោម១៤ឆ្នាំ ជាការរំលោភសេពសន្ថវៈ ។ ក្នុងករណីនេះ ការរំលោភសេពសន្ថវៈត្រូវបានកំណត់ជាសរុប ព្រោះវាត្រូវបានប្រព្រឹត្តដោយមនុស្សជាច្រើន ។
នារីវ័យ១៩ឆ្នាំត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែបន្ទាប់ពីការវាយតម្លៃអំពីមុខងារសង្គម និងអារម្មណ៍របស់នាង តុលាការបានចាត់ទុកថាការជាប់ពន្ធនាគារដោយគ្មានលក្ខខណ្ឌនោះ មានលក្ខណៈធ្ងន់ធ្ងរពេក ក៏បានបន្ធូរបន្ថយទោស មកនៅត្រឹមរយៈពេល២ឆ្នាំ៨ខែ ។ ដូច្នេះ មានន័យថា ស្ត្រីរូបនេះ ត្រូវជាប់ពន្ធនាគាររយៈពេល១២០ថ្ងៃ។
ចំណែកដៃគូរបស់នាងម្នាក់ទៀតអាយុ១៧ឆ្នាំ ត្រូវបានដាក់ទោស ដែលហៅថា «ការពិន័យចំពោះអនីតិជន» ។ នៅក្នុងប្រទេសន័រវេស ការពិន័យចំពោះអនីតិជននេះ គឺជាជម្រើសមួយចំពោះការពិន័យសង្គមតឹងរ៉ឹង និងការជាប់គុកដោយឥតលក្ខខណ្ឌ ចំពោះមនុស្សវ័យក្មេងអាយុ១៥ឆ្នាំដល់អាយុ១៨ឆ្នាំ ។ អ្នកជាប់ចោទត្រូវទៅបង្ហាញមុខនៅប៉ុស្តិ៍ប៉ូលិស និងអាជ្ញាធរសុខុមាលភាពកុមារ និងស្ថិតក្រោមការតាមដានជាប្រចាំ ក្នុងគោលដៅកែប្រែ ។
នារីទាំងពីរនាក់នេះ ក៏នៅត្រូវផ្តន្ទាទោសឲ្យសងសំណងប្រហែល ៧ ៣០០ ដុល្លារអាមេរិក ថ្លៃខូចខាតទៅលើក្មេងប្រុសរងគ្រោះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat