ពលករចំណាកស្រុកដែលគ្មានការងារធ្វើត្រូវបានអនុញ្ញាតឱ្យចាកចេញពីកោះភូកេតត្រឡប់មកមាតុភូមិវិញកាលពីម្សិលមិញ ខណៈរដ្ឋបាលខេត្តបានយល់ព្រមដកបម្រាមធ្វើដំណើរជាបណ្តោះអាសន្នដើម្បីឱ្យពួកគេអាចជួបជុំគ្រួសារបាន។
រូបតំណាង
កម្មករម្នាក់មកពីខេត្ត Nakhon Si Thammarat បានប្រាប់ Thai PBS ថាគាត់បានឈប់ធ្វើការអស់រយៈពេល ២ខែមកហើយ និងមិនអាចបន្តស្នាក់នៅភូកេតបានទៀតទេព្រោះសណ្ឋាគារដែលប្រពន្ធរបស់គាត់ធ្វើការទើបតែត្រូវគេបិទថ្មីៗ។ ពួកគេទាំងពីរឥឡូវគ្មានការងារធ្វើហើយត្រូវបង់ថ្លៃឈ្នួលផ្ទះទៀត ដូច្នេះពួកគេមានតែសម្រេចចិត្តទៅផ្ទះព្រោះយ៉ាងហោចណាស់ពួកគេមានអាហារហូបចុកនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។ ដោយហេតុថារដ្ឋបាលខេត្តបានដាក់កម្រិតចលនាប្រជាជនក្នុងនិងក្រៅខេត្តដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ដូច្នេះពលករចំណាកស្រុកដែលគ្មានការងារធ្វើមិនត្រូវបានអនុញ្ញាតឱ្យចាកចេញឡើយ។
កម្មកររូបនេះបានបន្ថែមទៀតថាគាត់សុខចិត្តស្នាក់នៅកន្លែងដាក់ឱ្យនៅដោយឡែករយៈពេល ១៤ថ្ងៃនៅឯកន្លែងដែលបានកំណត់។ មុនពេលចាកចេញពីភូកេតកាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់កម្មករអំពីភាពចាំបាច់ក្នុងការរឹតត្បិតការធ្វើដំណើរហើយបានបន្តថា បន្ទាប់ពីពួកគេចាកចេញពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់វិញទេរហូតដល់ចុងខែនេះ។ ទន្ទឹមនឹងនេះដែរមានសេចក្តីរាយការណ៍ថា ជនជាតិថៃចំនួន ៤១ នាក់ក្នុងចំណោម ៧៦នាក់បានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ បានធ្វើតេស្ត៍រកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ហើយពួកគេភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកនៅសល់ត្រូវបានគេទុកឱ្យនៅដាច់ដោយឡែកនៅខេត្ត Songkhla ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WPRLD