ភ្នំពេញ៖ ដើម្បីកុំឱ្យប្រឈមផ្លូវច្បាប់ សម្រាប់អ្នកព័ត៌មាន ក្រសួងព័ត៌មាន នឹងធ្វើការបណ្ដុះបណ្ដាលពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងគោលបំណងធានាគុណភាពដល់ការផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជនកាន់តែមានភាពច្បាស់លាស់ និងឆាប់រហ័ស។ នេះបើយោងតាមលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកមិញនេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានលើជំនាញ ផ្លូវច្បាប់ រដ្ឋបាល និងជំនាញគ្រប់គ្រងជាដើម ដើម្បីលើកម្ពស់សមត្ថភាពរបស់ពួកគេឱ្យកាន់តែមានជំនាញវិជ្ជាជីវៈពិតប្រាដក។
លោក មាស សុភ័ណ្ឌ បន្ថែមថា ការបង្កើនការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននេះ ដើម្បីឱ្យអ្នកសារព័ត៌មានចៀសវាងបានបំពានសិទ្ធអ្នកដទៃ និងបំភ្លៃការពិត ។ ជាពិសេសចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យមានការបំពុលសង្គម ។ ហើយលោកក៏បានអំពាវនាវ ដល់សមាគម និងអង្គភាពសារព័ត៌មាននានា ឱ្យបន្ដចូលរួមបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីពង្រឹងនូវគុណភាពព័ត៌មានរបស់អង្គភាពនីមួយៗ៕ ដោយ៖ តារា