ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា លោកប្រឈមនឹងការគំរាមកំហែង ជាច្រើនលើកមកហើយ នាពេលកន្លងមក ដោយមានទាំងការប្រកាន់ជាតិសាសន៍ និងការព្រមានដល់រូបលោក ពាក់ព័ន្ធនឹងការឆ្លងរាលដាល នៃកូវីដ-១៩ នេះ។
ថ្លែងនៅក្នុងសន្និសីទកាសែតនោះ ប្រធានអង្គការ WHO បានបញ្ជាក់ថា «ខ្ញុំសូមប្រាប់អស់លោកថា ខ្ញុំរងការគំរាមកំហែង ប្រមាថ ប្រកាន់ជាតិសាសន៍ និងគំរាមសម្លាប់ អស់រយៈពេលជិត៣ខែកន្លងមកហើយ ប៉ុន្តែខ្ញុំមិនយកចិត្តទុកដាក់ នៅក្នុងរឿងនោះឡើយ»។ លោក Tedros បន្តទៀតថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋទាំងអស់ មិនត្រូវភ្ជាប់បញ្ហាកូវីដ-១៩ ទៅនឹងស្ថានភាពនយោបាយនោះទេ ហើយត្រូវបញ្ឈប់ការចោទប្រកាន់ និងប្រមាថដល់អ្នកដទៃបន្ដទៀត»។
លោក Tedros បានបន្តទៀតថា អស់លោកបានចំណាយពេលវេលាអត់ប្រយោជន៍។ ពេលនេះ មិនមែនជាពេលវេលាសម្រាប់ការថ្កោលទោសគ្នានោះឡើយ គឺយើងត្រូវតែសាមគ្គីគ្នា ដើម្បីយកជ័យជម្នះ នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ ។
អង្គការសុខភាពពិភព ត្រូវបានគេរិះគន់ថា លម្អៀងទៅខាងចិន ជឿលើតួលេខរបស់ចិន អំពីចំនួនអ្នកឆ្លង និងស្លាប់ ទើបធ្វើឲ្យប្រទេសជាច្រើនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យមានអ្នកស្លាប់ និងឆ្លងជាច្រើន បែបនេះ ជាពិសេស គឺអាមេរិក និងអឺរ៉ុប ។ បច្ចុប្បន្ន កូវីដ-១៩ កំពុងតែរាតត្បាតពាសពេញពិភពលោកទាំងមូល ដោយមានប្រទេស និងដែនដី រហូតដល់ទៅ២២៥ មានការឆ្លងកូវីដ-១៩ ដោយមានពលរដ្ឋសរុបជាង១,៥ លាននាក់ បានឆ្លង និងស្លាប់ជិត៩០ពាន់នាក់ ៕ ប្រែសម្រួលដោយ៖ MEO