ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយចាប់ឃាត់ខ្លួន លោក សុវណ្ណ រិទ្ធី កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ ដោយសារតែ ស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ និងបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ជុំវិញករណីខាងលើនេះ លោក សុវណ្ណ សុខា ឪពុកលោក សុវណ្ណ រិទ្ធី ក៏បានស្នើសុំឱ្យប្រមុខរដ្ឋាភិបាល អធ្យាស្រ័យនិងអនុគ្រោះលោក រិទ្ធី តាមរយៈវីដេអូសុំទោសជំនួសកូនផងដែរ ។ លោកអះអាងថា កូនរបស់ខ្លួន គ្មានចេតនាវាយប្រហារលើរដ្ឋាភិបាលឡើយ៕ ដោយ៖ ប៊ុនធឿន