Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងខ្លួនឯងថាមិនអាចឈ្នះបាន លោក Sanders ប្រកាសគាំទ្រ Joe Biden ពេញទំហឹង

លោក Bernie Sanders សមាជិកព្រឹទ្ធសភា ប្រចាំនៅរដ្ឋ Vermont សហរដ្ឋអាមេរិក​ បានប្រកាសដកខ្លួន លែងជាអ្នកប្រកួតប្រជែងបេក្ខភាព​តំណែងប្រធានាធិបតីអាមេរិក​របស់គណបក្សប្រជាធិបតេយ្យទៀតហើយ។

លោក​បានថ្លែងថា “ខ្ញុំបានសន្និដ្ឋានថា ការប្រកួតប្រជែងរបស់ខ្ញុំ ​សម្រាប់បេក្ខភាព​ប្រធានាធិបតី នៃ​គណបក្សប្រជាធិបតេយ្យ នឹងមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះថ្ងៃនេះ ខ្ញុំសូមប្រកាសផ្អាកយុទ្ធនាការរបស់ខ្ញុំ”។

លោក Sanders បានប្រកាសផ្អាក​យុទ្ធនាការ​របស់គាត់ តាមរយៈវីដេអូផ្សាយបន្តផ្ទាល់ ​កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក)​​ ។ លោកបានថ្លែងថា ជ័យជម្នះ​របស់លោក​មិនអាច​ទៅរួចនោះទេ។ 

លោក Sanders អាយុ​៧៨ឆ្នាំ បានចាប់ផ្តើម​​ប្រកួតប្រជែង​ឈរឈ្មោះ ជាបេក្ខភាព​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០របស់គណបក្សប្រជាធិបតេយ្យ​។ នៅពេលដំបូង​ទី លោកទទួលបានសំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី ប៉ុន្តែ​រហូត​ដល់រដ្ឋ South Carolina ស្រាប់តែ​ចាញ់​សំឡេង​ លោក Joe Biden ទៅវិញ ។ 

នេះជាការ​បោះបង់ចោល​លើកទីពីរ​របស់លោក Sanders នៅក្នុងការប្រកួតប្រជែង​បេក្ខភាព​ប្រធានាធិបតី ​​​​នៅក្នុងគណបក្សរបស់ខ្លួន។ កាលពីឆ្នាំ​២០១៦​ លោកបានបោះបង់ចោល​​ បន្ទាប់ពី​មិនអាច​ឈកឈ្នះ​ទៅលើ​លោកស្រី ហ៊ីឡារី គ្លីនតុន ។ 

លោក Sanders បានសម្រេចចិត្ត​បញ្ឈប់​យុទ្ធនាការ​របស់ខ្លួន ហើយប្រកាស​គាំទ្រ​លោក Biden ពេញទំហឹង ដើម្បីប្រកួតប្រជែង​ជាមួយ​ប្រធានាធិបតី​បច្ចុប្បន្ន លោក ដូណាល់ ត្រាំ ដែលកំពុង​មាន​ភាពខ្សោយ​ លើការប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក។ 

លោក Sanders បានថ្លែងថា «ថ្ងៃនេះ ខ្ញុំសូមអបអរសាទរ​ចំពោះ​លោក Joe Biden ជាបុរស​ម្នាក់សមរម្យណាស់​ ហើយខ្ញុំ​នឹង​ធ្វើការជាមួយ ​ដើម្បីផ្លាស់ប្តូរ​គំនិតរីកចម្រើនរបស់យើង​ឆ្ពោះទៅមុខ»។  

ដូច្នេះ​ចាប់ពីពេលនេះតទៅ ការប្រកួតប្រជែង​តំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ​២០២០ បានចាប់ផ្តើមហើយ រវាងគណបក្ស​ប្រជាធិបតេយ្យ​ គឺមានបេក្ខភាព​​ Joe Biden និងគណបក្សសាធារណរដ្ឋ មាន​លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីបច្ចុប្បន្ន ។

ការស្ទង់មតិ​របស់ RealClearPolitics កាលពីថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២០​ បានបញ្ជាក់ថា បេក្ខភាព Joe Biden ទទួលបាន៦ពិន្ទុ​ នាំមុខ​​​​លោក ដូណាល់ ត្រាំ​។ ប៉ុន្តែ​នៅតែមានភាពច្របូកច្របល់​ និងការប្រែប្រួល​​ទៀត នៅមុនការបោះឆ្នោត​ប្រធានាធិបតី​ ដែលគ្រោងធ្វើឡើង​ នៅ​ខែវិច្ឆិកា ឆ្នាំ២០២០នេះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9114171