ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ ១៩កំពុងតែមានការផ្ទុះឡើងនៅជុំវិញពិភពលោក មានមនុស្សមួយចំនួនស្នាក់នៅផ្ទះ មិនចេញទៅក្រៅ និងការពារខ្លួនដើម្បីជាការទប់ស្តាត់នៃជំងឺនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកខ្លះគាត់ប្រើវិធីសាស្ត្រកម្មង់អាហារ តាមក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនផ្សេងៗមកញុំានៅផ្ទះជួបជុំក្រុមគ្រួសារ និងបងប្អូន។ ជាក់ស្តែងនៅក្នុងប្រទេសយើងសព្វថ្ងៃមានក្រុមហ៊ុនដឹងជញ្ជូនជាច្រើនដែលកំពុងតែចរាចរណ៍ដូចជា Nham24, Panda Food, Muuve, Bloc ជាដើម។
រូបតំណាង
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះមានគេហទំព័របរទេសមួយបានចេញផ្សាយណែនាំនូវវិធីសាស្ត្រការពារទៅកាន់អ្នកដែលចូលចិត្តកម្មង់ម្ហូបអាហារតាមអនឡាញ និងអ្នកដឹកជញ្ជូនទាំងអស់ឲ្យមានការការពារខ្លួន និងសម្អាតអនាម័យជាប្រចាំ។ ដោយវិធីសាស្ត្រទាំងអស់នោះរួមមាន៖
– រក្សាចម្ងាយសុវត្ថិភាពពីអ្នកដឹកជញ្ជូន
រូបតំណាង
ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ អ្នកត្រូវរក្សាចម្ងាយសុវត្ថិភាពយ៉ាងតិច ១ ម៉ែត្រ ឬច្រើនជាងនេះពីមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក រួមទាំងអ្នកដឹកជញ្ជូនផងដែរ។ មួយវិញទៀតត្រូវតែតម្រូវឲ្យអ្នកដឹងជញ្ជូនទាំងអស់រក្សាការពារ និងអនាម័យទៅលើដៃរបស់ពួកគេមុនពេលចាប់យកម្ហូបអាហាររបស់អ្នក។
– ការទូទាត់លុយតាមអនឡាញ
រូបតំណាង
អំឡុងពេលនេះមនុស្សគ្រប់ៗគ្នាត្រូវបានគេតម្រូវឱ្យអនុវត្តតាមការណែនាំរបស់ក្រសួង នូវវិធីសាស្ត្រត្រឹមត្រូវទៅតាមការណែនាំកន្លងមក និងគួរតែមានការទូទាត់លុយតាមប្រព័ន្ធអនឡាញក្នុងការបញ្ជាទិញទំនិញ ឬអាហារដែលកម្មង់។ មួយវិញទៀតប្រសិនជាចេញទៅក្រៅដើម្បីទិញទំនិញ គួរគប្បីពាក់ម៉ាស់ការពារ និងរក្សាចម្ងាយឆ្ងាយពីអ្នកដទៃតាមដែលអាចធ្វើទៅបាននៅពេលដែលកម្មង់អាហារ។
– សម្អាតផ្នែកផ្ទៃខាងក្រៅ
រូបតំណាង
នៅពេលអ្នកទទួលកញ្ចប់អាហារដែលកម្មង់ អ្នកគួរជូតផ្ទៃរបស់វាដោយបាញ់ទឹកអាល់កុលក្នុងកម្រិតយ៉ាងតិច ៧០ ដឺក្រេ ចៀសវាងកុំឲ្យចូលទៅក្នុងម្ហូបអាហារ។ បន្ទាប់ពីញុំារួចរាល់ សូមបោះចោលវាទៅក្នុងធុង ឬថង់សម្រាមឲ្យបានត្រឹមត្រូវ។ ប្រសិនបើជាបន្លែ ផ្លែឈើ សូមលាងសម្អាតជាមួយទឹកឲ្យបានស្អាតល្អសឹមដាក់ចូលក្នុងទូទឹកកក។
– ការលាងសម្អាតដៃ
រូបតំណាង
បន្ទាប់ពីទទួលទំនិញពីអ្នកដឹកជញ្ជូន អ្នកត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ ជែលលាងដៃ និងទឹកអាល់កុល ដោយដុសលាង ប្រអប់ដៃយ៉ាងហោចណាស់ ២០ វិនាទី។
– ប្រើសេវាកម្មដឹកជញ្ជូនដែលមានទំនុកចិត្ត
រូបតំណាង
អ្នកគួរតែជ្រើសរើសក្រុមហ៊ុនមានសេវាកម្មផ្នែកដឹកជញ្ជូនដែលអាចទុកចិត្តបាន និងមានមានការគ្រប់គ្រងត្រឹមត្រូវក្នុងការការពារសុខភាពយ៉ាងមត់ចត់សម្រាប់បុគ្គលិករបស់ខ្លួន និងអតិថិជនផងដែរ។ អ្នកដឹកជញ្ជូនក៏ត្រូវពាក់ម៉ាស់ការពារ លាងសម្អាតដៃឱ្យបានទៀងទាត់មុន និងក្រោយពេលចាប់យកម្ហូបអាហារឲ្យអតិថិជន។ មួយវិញទៀតប្រសិនជាបញ្ជាទិញនៅតាមទីតាំងហាងផ្សេងៗ អ្នកដឹកជញ្ជូនក៏ត្រូវឈរឲ្យមានគម្រាតពីអ្នកដទៃក្នុងចម្ងាយយ៉ាងតិច ១ ម៉ែត្រដើម្បីធានាសុវត្ថិភាព។
សរុបសេចក្តីមកនេះគឺជាទម្លាប់មួយដ៏ល្អសម្រាប់អ្នកបញ្ជាទិញ និងអ្នកដឹកជញ្ជូនទាំងអស់ក្នុងការពារខ្លួន ក៏ដូចជាការទប់ស្តាត់ពីការឆ្លងនៃជំងឺដ៏កាចសាហាវកូវីដ ១៩ នេះផងដែរ៕
ប្រែសម្រួលដោយ៖ Seyha