ធនាគារកណ្តាលបារាំងបានប្រកាសកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ថា នៅក្នុងដំណើរការដ៏អាក្រក់បំផុតរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ១៩៤៥ រហូតមក សេដ្ឋកិច្ចរបស់ប្រទេសបារាំងបានធ្លាក់ចុះប្រហែល៦ភាគរយនៅក្នុងត្រីមាសទី១ឆ្នាំ២០២០នេះ ដោយសារតែជំងឺ COVID-19 ឆ្លងរាតត្បាតយ៉ាងឆាប់រហ័សខ្លាំងពេក ។ នេះបើតាមការផ្សាយរបស់ប្រភពគេហទំព័រ IBT (International Business Times)។
តួលេខផ្លូវការបានបង្ហាញកាលពីលើកមុនថា សេដ្ឋកិច្ចបារាំងបានធ្លាក់ចុះ ០,១ ភាគរយ ក្នុងរយៈពេល៣ខែចុងក្រោយ កាលពីឆ្នាំ២០១៩ ។ មានន័យថា ជាមួយនឹងកំណើនអវិជ្ជមានរយៈពេល ២ ត្រីមាសជាប់ៗគ្នា ឥឡូវនេះ ប្រទេសបារាំងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច ។
ធនាគារកណ្តាលបារាំងបានអះអាងទៀតថា នៅរយៈពេលពីរសប្តាហ៍ចុងក្រោយក្នុងខែមីនា ឆ្នាំ២០២០ ពេលដែលវីរុស COVID-19ឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរនោះ សកម្មភាពសេដ្ឋកិច្ចរបស់បារាំងបានធ្លាក់ចុះ ៣២ភាគរយ ។ វីរុស COVID-19 នៅបារាំង ឆ្លងលើមនុស្សសរុប ៧៨ ១៦៧ នាក់ ក្នុងនោះ បាត់បង់ជីវិត ១០ ៣២៨នាក់ និង ១៩ ៣៣៧នាក់ បានជាសះស្បើយ ។
ធនាគារបារាំងបានបញ្ជាក់ទៀតថា «យើងវិលត្រឡប់ទៅរកពេលវេលាក្នុងត្រីមាសទី២ ឆ្នាំ១៩៨៨ ពេលដែលប្រទេសជាតិ ជួបនូវវិបត្តិនយោបាយក្នុងខែឧសភានោះ យើងបានឃើញការធ្លាក់ចុះសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នានឹ
ងពេលនេះ» ។ ប្រភពបញ្ជាក់ថា សេដ្ឋកិច្ចធ្លាក់ចុះកាលឆ្នាំនោះ គឺ ៥,៣ ភាគរយ ក៏នៅតែតិចជាងតួលេខបច្ចុប្បន្នដែលបានព្យាករថ្មីៗចុងក្រោយបំផុតនេះ ។
រយៈពេលពីរសប្តាហ៍ បារាំងបាននិងកំពុងដំណើរការបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរាតត្បាតវីរុស COVID-19 ។ ធនាគារកណ្តាលរបស់បារាំងព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងធ្លាក់ចុះប្រមាណ ១,៥ ភាគរយ ។
នៅក្នុងពេលដំណាលគ្នានេះផងដែរ ធនាគារកណ្តាលបារាំងក៏បានព្រមានទៅលើការព្យាករណ៍ ឬការប៉ាន់ប្រមាណភូតកុហក ដែលប៉ាន់ស្មានអំពីសេដ្ឋកិច្ចរបស់បារាំង ចាប់តាំងពីពេលស្ថានភាពជំងឺឆ្លងរាតត្បាតខ្លាំង ។
ការប្រកាសបិទប្រទេសបារាំងបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ និងបានពង្រីកបន្ថែមចំនួន២សប្តាហ៍ទៀត រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់វីរុស COVID-19 ។ ប៉ុន្តែបែបនេះក៏ដោយ អាជ្ញាធរបានរំពឹងថា ការបិទប្រទេសនេះអាចមានរយៈពេលវែងឆ្ងាយជាងនេះថែមទៀត បើសិនសញ្ញាជំងឺ មិនមានការថយចុះកម្រិតទាបទេនោះ ។
ក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សេដ្ឋកិច្ចនោះ ធនាគារកណ្តាលរបស់ប្រទេសបារាំងបានគូសបញ្ជាក់ថា មានដូចជាវិស័យសំណង់, ដឹកជញ្ជូន ភោជនីយដ្ឋាន និងផ្ទះសំណាក់ ៕ ប្រែសម្រួលដោយ៖ thach yat