Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃអនុម័តកញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ច ជិត៦០ពាន់លានដុល្លារ ក្នុងអំឡុងពេលកូវីដ១៩

គណៈរដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី៧ ខែមេសា បានអនុម័តកញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ច ចំនួន ១,៩ពាន់ពាន់លានបាត (លុយថៃ) ឬស្មើនឹង ៥៧ ៩៣០ ៤៨០ ៣២៩ដុល្លារអាមេរិក ដើម្បីទប់ស្កាត់ពីផលប៉ះពាល់ នៃ​វិបត្ដិ​កូវីដ១៩។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានផ្សាយ នៅថ្ងៃទី៨ ខែមេសា ថា លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី៧ ខែមេសា បានដឹកនាំប្រជុំគណៈរដ្ឋមន្រ្ដី​ប្រចាំសប្ដាហ៍ ដើម្បី ពិចារណាលើដំណាក់កាលទី៣ នៃវិធានការសម្រាប់ដោះស្រាយបញ្ហាវិបត្ដិ នៃកូវីដ១៩។ កញ្ចប់ថវិកាដ៏សំខាន់នេះជាក្រឹត្យមួយ អនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីលុយចំនួន១ពាន់ពាន់លានបាត (1 trillion) ឬស្មើនឹង ៣០ ៤៨៩ ៧២៦ ៤៨៩ដុល្លារអាមេរិក​ សម្រាប់ជំរុញឲ្យវិស័យសុខាភិបាលសាធារណៈមានភាពល្អប្រសើរ និងជួយឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើនឡើង។

ប្រភពព័ត៌មានដដែល បានបន្ដថា​ ក្រឹត្យ២ផ្សេងទៀតនឹងត្រួសត្រាយផ្លូវដល់ធនាគារ ដើម្បីផ្ដល់ប្រាក់ចំនួន៩០០ពាន់លានដុល្លារ ក្នុងប្រាក់កម្ចី និងទទួលបានមូលបត្រពីក្រុមហ៊ុន។ គណៈរដ្ឋមន្រ្ដីក៏បានយល់ព្រមកែសម្រួលការបែងចែកថវិកាឱ្យសមស្របនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងកាត់បន្ថយផលប៉ះពាល់ នៃ Covid-19 ។ រីឯក្រសួងនីមួយៗ គ្រោងនឹងស្នើថវិកាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាត ហើយកាត់បន្ថយថវិកាដែលបានបម្រុងទុកសម្រាប់តំបន់ផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យមានការលើកលែងពន្ធលើឧបករណ៍ដែលបាននាំចូល សម្រាប់កិច្ចការពារ ឬធ្វើរោគវិនិច្ឆ័យ នៃ Covid-19 ។

បើគិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២៣៦៩នាក់ ក្នុងនោះស្លាប់៣០នាក់ និងអ្នកត្រូវព្យាបាលជាសះស្បើយចំនួន៨៨៨នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9111701