រដ្ឋាភិបាលស្វីសបានបញ្ជូនកងទ័ពរបស់ខ្លួន ជាង៨ពាន់នាក់ទៅចូលរួមជាមួយក្រុមគ្រូពេទ្យ នៅក្នុងប្រទេសនេះ ដើម្បីធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នេះជាការដាក់ពង្រាយកម្លាំងទាហានដ៏ច្រើនបំផុត នៅក្នុងទីក្រុង មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ទាហានស្វីសជាង៨ពាន់នាក់ បានជួយដល់កម្លាំងជួរមុខ (គ្រូពេទ្យ) ជាង៥ពាន់នាក់ ដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ បច្ចុប្បន្នស្វីសមានអ្នកឆ្លងកូវីដ-១៩ ជាង២២ពាន់នាក់ស្លាប់ ជាង៨០០នាក់ និងព្យបាលជាសះស្បើយ ជាង ៨៧០០នាក់។
នៅថ្ងៃទី៨ ខែមេសា លោកឧត្តមសេនីយ៍ Raynald Droz មេបញ្ជាការកងទ័ពស្វីស បានបញ្ជាក់ថា នៅពេលនេះមានទាហាន៧២៨នាក់ ត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក ក្រោយពេលមានទាហានចំនួន១៧២នាក់ ធ្វើតេស្ដរកឃើញវិជ្ជមាន ចំពោះកូវីដ-១៩។
លោកឧត្តមសេនីយ៍ Raynald Droz បានបញ្ជាក់ទៀតថា កម្លាំងទាហាននឹងរក្សាមួយចំនួនចាំបាច់ ដើម្បីជួយដល់ក្រុមគ្រូពេទ្យ ហើយក្រៅពីនេះ កងទ័ពទាំងនោះនឹងត្រូវទៅបំពេញការងារផ្សេងទៀត។
នៅក្នុងតំបន់អឺរ៉ុប មានការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចុប្បន្ន អេស្ប៉ាញមានករណីឆ្លងច្រើនជាងគេ គឺមានរហូតដល់ទៅជាង១៤១ពាន់នាក់ ក្នុងនោះស្លាប់ជាង១៤ពាន់នាក់ ។ចំណែកអ៊ីតាលី ជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបង្អស់ នៅក្នុងតំបន់អឺរ៉ុប និងពិភពលោក ដោយមានអ្នកឆ្លង ១៣៥ពាន់នាក់ និងស្លាប់ដល់ទៅជាង១៧ពាន់នាក់ ។ បន្ទាប់មកគឺបារាំង មានអ្នកស្លាប់ជាង១ម៉ឺននាក់ផងដែរ៕ ប្រែសម្រួលដោយ៖ MEO